សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ បានចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន

0

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង៤០ម៉ឺននាក់បានចូលរូមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ឥឡូវប្រជាពលរដ្ឋជាង៤០ ម៉ឺននាក់ ហើយក្នុងមួយថ្ងៃចូល១ម៉ឺន ឬ២ម៉ឺននាក់បានចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ហើយខ្ញុំមិនថាអ្វីទេបងប្អូនដែលចង់ចូលរួមកសាងបន្តបន្ទាប់ ខ្ញុំមិនថាអ្វីទេ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា រឿងកសាងហេដ្ឋារចនាសម្ព័ន្ធនេះ រាជរដ្ឋាភិបាលមិនបានយកចាញ់ឈ្នះនោះទេគឺរាជរដ្ឋាភិបាលត្រូវមើលចំណុចណាដែលធំ ហើយបើរវល់តែធ្វើការបកសា្រយពីចង់ធ្វើរបង ឬធ្វើផ្លូវហើយមិនធ្វើអ្វីសោះ នោះហើយជាការខាតធំ។

សម្ដេចធិបតីបានអះអាងថា អ្វីដែលខាតធំបំផុតគឺ ការមិនអាចគ្រប់គ្រងសភាពការណ៍បាន រហូតដល់ឱ្យប្រទេសឆេះ សេដ្ឋកិច្ចធ្លាក់ដាំក្បាលចុះដោយសារកាអស្ថិរភាព ការកាប់ចាក់គ្នាក្នុងប្រទេស ធ្វើឱ្យបាត់បង់សន្តិសុខ ដែលនេះជាគ្រោះថ្នាក់ធំ។

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា៖ «រាជរដ្ឋាភិបាលបានបញ្ជាក់ហើយថាដើម្បីឆ្លើយតបនឹងតម្រូវការរួមរបស់ប្រជាពលរដ្ឋ គឺថែរក្សាសុខសន្តិភាព ស្ថិរភាពធ្វើយ៉ាងណាកុំឱ្យប្រទេសបែកបាក់ឡើងវិញ។ រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ និងធានាឱ្យបាននូវអធិបតេយ្យភាពនូវទឹកដីខេត្តទាំង៤ មិនឱ្យបាត់បង់តាមរយៈជំរុញកំណើនប្រជាពលរដ្ឋ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធតភ្ជាប់ និងធ្វើការអភិវឌ្ឍនៅតំបន់ដែលមានកង្វល់នោះ៕