ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការស្ថាបនាផ្លូវថ្នល់នៅតាមខ្សែក្រវ៉ាត់ព្រំដែន ។
សម្ដេចធិបតី កាលពីថ្ងៃទី៦ ខែសីហា បានបញ្ជាក់ថា ផ្លូវនៅតាមបន្ទាត់ខ្សែព្រំដែន យើងត្រូវធ្វើផ្លូវពីរខ្សែ គឺផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវប្រើសម្រាប់ក្រវ៉ាត់ព្រំដែន ដែលប្រើក្នុងគោលដៅការពារបូរណភាពទឹកដី ។
ផ្លូវខ្សែទី១ គឺផ្លូវសេដ្ឋកិច្ច ដែលយើងធ្វើនៅខាងក្នុង អាចចំងាយមួយគីឡូម៉ែត្រ ពីរគីឡូម៉ែត្រ ឬបួនគីឡូម៉ែត្រពីខ្សែព្រំដែន ខណៈផ្លូវខ្សែទី២ គឺផ្លូវក្រវ៉ាត់ព្រំដែន ដែលធ្វើកៀកខ្លាំងនឹងព្រំដែន កន្លែងខ្លះមានចម្ងាយត្រឹម១០ ទៅ ៣០ម៉ែត្រ ពីបង្គោលព្រំដែនប៉ុណ្ណោះ ។ តាមរយៈផ្លូវក្រវ៉ាត់ព្រំដែន ប្រជាពលរដ្ឋអាចជិះយានយន្តធ្វើដំណើរមើលឃើញបង្គោលព្រំដែនបានយ៉ាងកៀក ។
ថ្លែងសារបង្ហាញអំពីសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្ថាបនាផ្លូវតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាងបានជិត ១៥០០ គីឡូម៉ែត្រហើយ ។
ជាមួយប្រទេសវៀតណាមចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ រដ្ឋាភិបាលបានស្ថាបនាផ្លូវបានប្រវែង ៦៨៥ គីឡូម៉ែត្រ លើផែនការសរុប ១០៦៩ គីឡូម៉ែត្រ ។ ជាមួយថៃពី ឆ្នាំ១៩៩៤ ដល់ ២០២៣ បានកសាងផ្លូវបានប្រវែង ៤៥៥ គីឡូម៉ែត្រ លើផែនការសរុបប្រវែង ៥០៩ គីឡូម៉ែត្រ ។ ជាមួយប្រទេសឡាវពីឆ្នាំ ២០១៥ ដល់ ២០២២ បានកសាងផ្លូវបានប្រវែង ១៧៩ គីឡូម៉ែត្រ លើផែនការសរុប ៣៧៧ គីឡូម៉ែត្រ ។
សម្ដេចធិបតី កាលពីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៤ បានផ្ដល់គោលការណ៍សម្រាប់រយៈពេល ១០ឆ្នាំ (២០២៤-២០៣៤) អោយបញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សម្រេចបញ្ចប់ជំហានទី១ លើការងារបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្ដាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាមនៅលើទីតាំងដីដែលបានឯកភាពរួចហើយ ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទពីវឌ្ឍនភាព ៥ឆ្នាំ របស់ក្រសួងការពារជាតិកន្លងទៅនេះ បានគូសបញ្ជាក់ថា ឥឡូវនេះយើងអាចធ្វើដំណើរមួយជុំប្រទេសបានតាមរយៈផ្លូវក្រវ៉ាត់ព្រំដែនដោយចេញដំណើរពីខេត្តកោះកុង គ្រាន់តែកន្លែងខ្លះផ្លូវមានការខូចខាតខ្លះដោយអន្លើ ដែលត្រូវធ្វើការជួសជុល តែនិយាយរួមគឺ ៩០ភាគរយ យើងអាចធ្វើដំណើរបាន ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់ទៀតថា ការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ជាយុទ្ធសាស្រ្តក្រៅពីជួយសម្រួលដល់កងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដី ថែមទាំងបានចូលរួមលើកស្ទួយជីវភាពពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនទៀតផង ។
គួរកត់សម្គាល់ថា បន្ទាប់ពីសម្តេចធិបតីបង្កើតមូលនិធិ ដើម្បីកៀរគថវិកាបន្ថែមពីប្រជាពលរដ្ឋសម្រាប់កសាងផ្លូវក្រវ៉ាត់ព្រំដែន
រួចមក គេឃើញ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានស័្មគ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលមូលនិធិ ក្នុងបុព្វហេតុ កសាងផ្លូវក្រវាត់ព្រំដែននេះយ៉ាងផុលផុស ។
យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានអោយដឹងថា ចាប់ពីថ្ងៃទី២៦ ខែសីហាមកដល់រសៀលថ្ងៃទី២៩សីហា មានចំនួនមនុស្សដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនមកចូលមូលនិធិ មានជិត ២០ម៉ឺននាក់ មានទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ ជាមួយនឹងទឹកប្រាក់សរុបជាង ១១លានដុល្លារ ។
សរុបសេចក្តីទៅ ការបង្កើតគម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះ នឹងរឹតតែធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់កាន់តែច្បាស់អំពីគម្រោង CLV ហើយជឿជាក់លើគម្រោងអភិវឌ្ឍតាមព្រំដែនរបស់រដ្ឋាភិបាល ដើម្បីការពារបូរណភាពទឹកដី និងបង្កើតមូលដ្ឋានសេដ្ឋកិច្ចរឹងមាំសម្រាប់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ៕