អាជ្ញាធរជាតិអប្សរាជូនដំណឹងស្ដីពីហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុនារដូវវស្សានៅរមណីយដ្ឋានអង្គរ

0

នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះអាជ្ញាធរជាតិអប្សរាបានជូន​ដំណឹង​​ដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមាន​ការ​ប្រុងប្រយ័ត្នចំពោះហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សានៅរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា តាមរយៈសេចក្តីជូនដំណឹងរបស់​ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុ អាកាស​នៅព្រះរាជាណាចក្រកម្ពុជា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់​មួយចំនួន ដែលបង្កឱ្យមានភ្លៀងធ្លាក់ ជញ្ជាំ ផ្គរ រន្ទះ លាយឡំ​ជាមួយ​ខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឱ្យដីជ្រោយ ងាយរលំ ឬបាក់​មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួន​នៃរមណីយដ្ឋាន​អង្គរ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និង​អ្នកដឹកភ្ញៀវទេសចរទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យ​បានខ្ពស់នៅ ក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសូមមេត្តាកុំចត យាន​គ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយ​ភ័យនានា ដែលអាចបណ្តាលឱ្យរងរបួស ឬ ខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ។

ដោយឡែកក្នុងសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៤ ក្រសួង​ធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ខ្យល់មូសុងនិរតី ដែលបក់ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman មានសម្ពាធទាប គ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជា៕