ភ្នំពេញ៖ “ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី រយៈពេលមួយឆ្នាំកន្លងទៅនេះ ទាំងរាជរដ្ឋាភិបាលអាណត្តិមុនៗ អនុវត្តច្បាប់តែទៅលើអ្នកប្រព្រឹត្តិខុសច្បាប់ និងក្រុមជ្រុលនិយមមួយក្តាប់តូច ដែលអនុវត្តហួសសិទ្ធិដែលមានចែងក្នុងច្បាប់ និងមានចេតនាអាក្រក់បង្កចលាចលនៅក្នុងសង្គម និងបំផ្លាញសុខសន្តិភាពនៅកម្ពុជា”។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ។
ឯកឧត្តមអ្នកនាំពាក្យបានថ្លែងដូច្នេះ ឆ្លើយតបទៅនឹងវិទ្យុបរទេសមួយជាភាសាខ្មែរ ដែលលើកឡើងបំភ្លៃ និងបំភ័ន្តសាធារណមតិដែលថាមានការចាប់ខ្លួនសកម្មជន ឬអ្នករិះគន់ដាក់ពន្ធនាគារ ក្នុងរយៈពេលមួយឆ្នាំនៃរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ ហើយឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា៖ “ការចោទប្រកាន់របស់វិទ្យុបរទេសជាភាសាខ្មែរនេះ មិនត្រឹមត្រូវទេ ដោយផ្អែកទៅលើអង្គហេតុ អង្គច្បាប់ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងបញ្ញត្តិច្បាប់ដែលមានជាធរមាននៅកម្ពុជា។ ទាំងរាជរដ្ឋាភិបាលនីតិកាលទី៧ និងរាជរដ្ឋាភិបាលអាណត្តិមុនៗ មិនដែលធ្លាប់បានចាប់ខ្លួនសកម្មជននយោបាយ ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនតាមផ្លូវច្បាប់នោះទេ ក៏ប៉ុន្តែវិធានការច្បាប់មានតែចំពោះក្រុមជ្រុលនិយមមួយក្តាប់តូចតែប៉ុណ្ណោះ ដែលតែងតែធ្វើសកម្មភាពបង្កចលាចល នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ល។ ហើយដែលសកម្មភាពទាំងអស់នេះ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពទៅតាមផ្លូវច្បាប់នោះទេ ដូចជាការសម្តែងមតិដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ កេរ្តិ៍ឈ្មោះ កិត្តិយសរបស់ថ្នាក់ដឹកនាំ ឬស្ថាប័នសាធារណៈជាដើម ទាំងនេះគឺជាអំពើល្មើសច្បាប់ ដែលច្បាប់ត្រូវតែអនុវត្តចំពោះជនទាំងនោះជាធរមាន”។
បន្ថែមពីលើនេះ ឯកឧត្តម ជិន ម៉ាលីន បានរំលេចផងដែរថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរមួយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាយើង។ ចំណែកឯការសម្តែងមតិខ្លះទៀត និងការផ្សព្វផ្សាយព័ត៌មានជាដើម មានចរិតញុះញង់ឱ្យមានអំពើហិង្សា និងបង្កចលាចល ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយនៅពេលថ្មីៗនេះទៀតសកម្មភាពរបស់ក្រុមនេះមានលក្ខណៈធ្ងន់ធ្ងរមែនទែន គឺការរៀបចំផែនការបដិវត្តន៍ពណ៌ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដែលនេះគឺជាទោសពីបទឧបឃាត និងរួមគំនិតក្បត់ ហើយច្បាប់ត្រូវតែអនុវត្តលើក្រុមជ្រុលនិយមទាំងនេះ។ ដោយឡែក បងប្អូនប្រជាពលរដ្ឋដ៏ច្រើនលើសលុបដែលយល់ដឹងពីច្បាប់នោះ បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងត្រឹមត្រូវតាមផ្លូវច្បាប់ គឺមិនមានបញ្ហាអ្វីនោះទេ។
ឯកឧត្តម ជិន ម៉ាលីន បានសង្កត់ធ្ងន់ផងដែរថា៖ “នៅកម្ពុជាយើង មិនមានអ្នកទោសនយោបាយ ឬអ្នកទោសមនសិការណាម្នាក់នោះទេដែលកំពុងជាប់ពន្ធនាគារ ឬជាប់ឃុំ។ យើងមានតែអ្នកនយោបាយ បុគ្គល ឬក្រុមមនុស្សដែលបានប្រព្រឹត្តបទល្មើស ហើយជាប់ពន្ធនាគារ”។
ជារួម ឯកឧត្តម ជិន ម៉ាលីន បានសម្តែងនូវការសោកស្តាយ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់គ្មានការពិតទាំងនេះ ហើយការចោទប្រកាន់ទាំងនេះគឺមិនមានអ្វីថ្មីនោះទេ នោះជាទម្លាប់ដ៏អាក្រក់របស់វិទ្យុបរទេសជាភាសាខ្មែរមួយនេះ និងក្រុមប្រឆាំងជ្រុលនិយមមួយក្រុមតូច ដែលលែងខ្លាចច្បាប់ទៅហើយ ហើយតែងតែប្រព្រឹត្តិខុសច្បាប់ ហើយការចោទប្រកាន់ទាំងនេះ នឹងមិនអាចនាំក្រុមនោះឱ្យគេចផុតពីការអនុវត្តច្បាប់នោះទេ គឺមានតែការចូលរួមតតាំងការពារខ្លួនតាមផ្លូវច្បាប់ក្នុងពេលនៃដំណើរការនីតិវិធីតុលាការ ហើយស្វែងរកភស្តុតាង ឬសក្ខីកម្មមូលដ្ឋានច្បាប់រឹងមាំ ដើម្បីតតាំងនូវអ្វីដែលសមត្ថកិច្ចមាន ដើម្បីឈានទៅដោះបន្ទុក ហើយនេះជាវិធីតតាំងតាមផ្លូវច្បាប់តែមួយគត់ដើម្បីការពារខ្លួន៕