សេចក្តីបំភ្លឺជុំវិញប្រតិបត្តិការរបស់សមត្ថកិច្ច ករណីឃាត់ខ្លួនកូនម្ចាស់ផ្ទះជួល និងចោទថាបំផ្លាញបន្ទប់ទ្វារជួល

0

ភ្នំពេញ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន​ឱ្យ​ជ្រាប​ថា​: កាលពី​ថ្ងៃ​ទី ០៨ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៣:០០​នាទី នៅ​ចំណុច​បន្ទប់​ជួល​លេខ​1Z ផ្លូវ​១១៣ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ បាត់​ម៉ូតូ​០១​គ្រឿង ម៉ាក SUZUKI NEX នៅ​ចំណុច​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៤​។

សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​កន្លែង​ស្នាក់​នៅ​របស់​ជនសង្ស័យ ហើយ​ក៏​ចុះ​ប្រតិបត្តិការ​ការ​ជាក់ស្តែង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៦​នាក់ ក្នុង​នោះ​ស្រី ចំនួន​០១​នាក់​នៅ​ចំណុច​ខាងលើ និង​ដកហូត​វត្ថុ​តាង​ដូច​ជា ម៉ូតូ ០២​គ្រឿង អាវុធ​ខ្លី ០១​ដើម​, គ្រាប់​ចំនួន ០៤​គ្រាប់​, ដាវ ០១​ដើម​, កាំបិត​បុ័ងតោ ០១​ដើម ,​កាំបិត​ចុង​ស្រួច ០១​ដើម​, ឧបករណ៍​សម្រាប់​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

បន្ទាប់​មក​ជនសង្ស័យ​ទាំង​០៦​នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​។ ក្រោយ​ពី​សាកសួរ​រួច​ហើយ មាន​ជនសង្ស័យ​ចំនួន​០៤​នាក់ មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ចំណែក​មនុស្ស​០២​នាក់ មិន​ជាប់​ពាក់ព័ន្ធ សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ជនសង្ស័យ​ចំនួន​០៤​នាក់ ១-​ឈ្មោះ ឆាយ រតនា ហៅ ម៉ា​ប់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ២-​ឈ្មោះ សៅ សម្បត្តិ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ៣-​ឈ្មោះ ស៊ឹ​ម សុខ​ហេង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ៤-​ឈ្មោះ ជា ស័ក្ក​រាជ្យ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​។

ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ​គឺ​មានកូន​ប្រុស​ម្ចាស់ផ្ទះ​ជួល ឈ្មោះ ជា ស័ក្ក​រាជ្យ មិន​សហការ​ជាមួយ​សមត្ថកិច្ច បានឃើញ​សមត្ថកិច្ច​ទៅ​ដល់ ហើយ​ទាញ​ទ្វារ​ដែក​ចាក់​គន្លឹះ​បិទ បន្ទាប់​មក​កូន​ម្ចាស់ផ្ទះ​រត់​ចូល​ក្នុង​បន្ទប់​ដាក់​កា​ម៉េ​រា​សុវត្ថិភាព ហើយ​សមត្ថកិច្ច​ក៏​បុក​ទ្វារ​ចូល​ខាងក្នុង​បន្ទប់ បាន​ឃាត់​កូន​ម្ចាស់ផ្ទះ និង​បន្ត​ត្រួតពិនិត្យ​បន្ទប់​ផ្សេង​ទៀត​ដែល​សុទ្ធតែ​ចាក់​គន្លឹះ​បិទទ្វារ នៅ​ពេល​សមត្ថកិច្ច​គោះ​ទ្វារ​បន្ទប់​ជួល​គឺ​គ្មាន​អ្នក​សហការ​បើក​បន្ទប់​ឱ្យ​សមត្ថកិច្ច​ចូល​ត្រួតពិនិត្យ​ឡើយ ហើយ​សមត្ថកិច្ច​បាន​សម្រេចចិត្ត​បុក​ចូល​ក្នុង​បន្ទប់ ក្នុង​ប្រតិបត្តិការ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​សុវត្ថិភាព​របស់​សមត្ថកិច្ច ដោយសារ​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា​ជនសង្ស័យ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​នោះ​មាន​លាក់​អាវុធ​ទុក​ដោយ​ខុសច្បាប់​។ ក្នុង​រង្វង់​ប្រតិបត្តិការ​ជាក់ស្តែង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​០៦​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដូច​ខាងលើ​។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បញ្ជាក់​ជុំវិញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ខាងលើ សមត្ថកិច្ច​ចុះ​អនុវត្ត​ដែល​ជា​បទល្មើស​មាន​ហានិភ័យ​ដែល​មាន​ជនសង្ស័យ​លាក់​ទុក​អាវុធ​អាច​បង្ក​គ្រោះថ្នាក់ អាយុជីវិត ឬ​បង្ក​រង​របួស​ស្នាម​ដល់​សមត្ថកិច្ច ដូច្នេះ​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ត្រូវធ្វើ​ដោយ​ម៉ឺងម៉ាត់ ម៉តចត់ ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​សុវត្ថិភាព ក្រោម​ការ​សម្របសម្រួល នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ទទួល​បាន​ពី​បទបញ្ជា​ពី​ថ្នាក់លើ​៕