គ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជានឹងមានវត្តមានតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍

0

ក្នុងគោលបំណងជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅក្នុងវិស័យអាកាសចរណ៍ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្មីៗនេះបានជួបប្រជុំពិភាក្សាគ្នាស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចនៅតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល”។

ប្រភពក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីជំនាញនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ (Cambodia Air Catering Service) និងក្រុមហ៊ុនកែច្នៃស្វាយចន្ទីកម្ពុជា។ជាលទ្ធផល តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ បានបង្ហាញពីការគាំទ្រនិងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងលើយន្តការនេះក៏ដូចជាជួយជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី។

លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបានស្រង់ប្រសាសន៍ថា៖«ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប ម៉ាត អាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល គឺដើម្បីជួយលើកស្ទួយផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យកាន់តែរីកចម្រើន និងទទួលបានទីផ្សារកាន់តែធំ ក៏ដូចជាជំរុញការគាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរឱ្យកាន់តែទូលំទូលាយ»។

នាពេលកន្លងមក ក្រសួងជំនាញ សហគ្រាស និងក្រុមហ៊ុន បានពិភាក្សា និងចរចាគ្នា ក្នុងការដាក់លក់ស្វាយចន្ទីកែច្នៃរួចទៅក្នុងទីផ្សារទំនើប និងម៉ាតនានានៅក្នុងប្រទេសកម្ពុជាដូចជា៖ អ៊ីអន, ម៉ាក្រូ, ឡាក់គី, ជីបម៉ុង, ថៃហួត, បាយ័ន, ប៊ីកស៊ី, តេលា , 7-Eleven និង Cambodian Superstore ជាដើម។

សូមជម្រាបថា ក្នុងរយៈពេល ៧ខែ ឆ្នាំនេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៨៣ម៉ឺនតោន និងនាំចេញទៅវៀតណាមចំនួន ៧៨ម៉ឺនតោន គិតជាទឹកប្រាក់ ១.០៩២លានដុល្លារអាមេរិគឺកើនឡើង ៣៦,៧ភាគរយ ស្របពេលកម្ពុជាបានឈរលំដាប់លេខ២ ជាបណ្តោះអាសន្ន ក្នុងនាមជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំបំផុតលើពិភពលោក៕