សៀមរាប៖ ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ សម្រាប់ភ្ញៀវទេសចរដើរទស្សនា និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត។សកម្មភាពនេះបានកើតឡើងព្រមគ្នាជាមួយនឹងអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤បានចេញសេចក្តីជូនដំណឹងស្តីពីការកែសម្រួលពេលវេលាបើក បិទ ទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរផងដែរ។
ទាក់ទងនឹងការរៀបចំកម្រាលសម្រាប់ថ្មើរជើងទស្សនា និងថតរូបនេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ថា គោលដៅចម្បង នៃការរៀបចំកម្រាលខាងលើ ដើម្បីសម្រួលដល់ទេសចរធ្វើដំណើរមកថតរូបនៅបរិវេណស្រះទឹកនៃប្រាសាទអង្គរកាន់ងាយស្រួល រក្សាបាននូវសោភណភាព ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ ការពារកំណកដីឬភក់ប្រឡាក់ជាប់ស្បែកជើងនាំទៅដល់ស្ពានហាល និងកាត់បន្ថយភាពសឹករិចរឹលរបស់ថ្មជាដើម។
លោក នូ វុទ្ធី ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាត្រូវបានស្រង់សម្ដីមកបញ្ជាក់ថា នេះជាដំណាក់កាលទី៤ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំកម្រាលផ្លូវដើរ សម្រួលដល់ទេសចរធ្វើដំណើរចូលមកទស្សនាប្រាសាទអង្គរវត្ត។ កម្រាលផ្លូវដើរនេះ ពេលរៀបចំរួចរាល់ ធ្វើឱ្យភ្ញៀវងាយស្រួលដើរទស្សនាប្រាសាទ កាត់បន្ថយការនាំយកកំណកដីជាប់ជាមួយស្បែកជើងឡើងទៅខាងលើនៃស្ពានហាលនិងប្រាសាទ។ ម្យ៉ាងទៀត ក៏ដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងភ្ញៀវដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល។
គួរជម្រាបថា ស្រះទឹកនៅខាងមុខប្រាសាទអង្គរជាចំណុចទាក់ទាញខ្លាំងពីទេសចរជាតិ និងអន្តរជាតិ ដោយសារតែទិដ្ឋភាពផ្ទៃទឹកស្រះបានចាំងឆ្លុះកំពូលទាំងប្រាំនៃប្រាសាទ ។នៅពេលថតរូបបានរំលេចនូវភាពដ៏អស្ចារ្យនៃបេតិកភណ្ឌពិភពលោកមួយនេះ៕