កំពង់ធំ៖ ជំនន់ទឹកភ្លៀងបានធ្វើឱ្យខូចខាតដំណាំស្រូវរបស់ប្រជាកសិករខេត្តកំពង់ធំចំនួន៤៣៣០ហិកតាហើយ នេះបើតាមសេចក្ដីរាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ កាលពីរសៀលថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០២៤។
ស្ថានភាពជំនន់ទឹកភ្លៀងចាប់ផ្ដើមតាំងពីពាក់បណ្ដាលខែកក្កដា ឆ្នាំ២០២៤ មកធ្វើឱ្យប៉ះពាល់និងខូចខាតដំណាំស្រូវរបស់ប្រជាកសិករខេត្តកំពង់ធំលើ០៨ក្រុង/ស្រុក រួមមាន ស្រុកកំពង់ស្វាយ ស្ទឹងសែន ប្រាសាទសំបូរ សណ្តាន់ បារាយណ៍ សន្ទុក ស្ទោង និងស្រុកតាំងគោក ស្មើនឹង៣៦ឃុំ/សង្កាត់ លើ១៨០ភូមិ ស្មើនឹង៥៣៩៦គ្រួសារ។ ផ្ទៃដីប៉ះពាល់ចំនួន៧៦១០ហិកតានិងខូចខាតទាំងស្រុងចំនួន៤៣៣០ហិកតា ស្មើនឹង៣៦០៨គ្រួសារ ចំនួន២៨ឃុំ/សង្កាត់ ១៤៨ភូមិ។
តាមសេចក្ដីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ទី១០ខែសីហា ឆ្នាំ២០២៤នេះ ទឹកស្ទឹងសែននៅស្ថានីយ៍កំពង់ធំ មានកម្ពស់១៣,៦៨ម៉ែត្រ ស្រកចុះ០,០៧ម៉ែត្រ ខណ:នៅស្ថានីយ៍ស្រុកសណ្ដាន់ ទឹកមានកម្ពស់១៧,៧២ម៉ែត្រ ស្រកចុះ០,១៦ម៉ែត្រ។
សូមបញ្ជាក់ថា ការងារបង្កបង្កើនផលរបស់ប្រជាកសិករខេត្តកំពង់ធំគិតត្រឹមថ្ងៃទី០៩ ខែសីហាឆ្នាំ២០២៤ អនុវត្តបានជាង២០៧០០០ហិចតាស្មើនឹង៩៧,០៥ភាគរយនៃផែនការ២១៣៣០០ហិកតាកើនលើសឆ្នាំមុនក្នុងរយៈពេលដូចគ្នាចំនួន៨៩៤១ហិកតា៕