ព្រះសីហនុ៖ ដើម្បីជំរុញនិងស្ដារការវិនិយោគនៅក្នុងខេត្តព្រះសីហនុឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មកដល់បច្ចុប្បន្ននេះមានគម្រោងជាច្រើនបានចាប់ផ្តើមមានសកម្មភាពឡើងវិញ ទាំងការសាងសង់បន្តបញ្ចប់គម្រោង ក៏ដូចជាគម្រោងស្នើសុំវិនិយោគថ្មី។ទន្ទឹមគ្នានេះដែរ ក្រុងព្រះសីហនុ ក៏បានចូលជាសមាជិកនៃ បណ្តាញទីក្រុងឆ្លាតអាស៊ាន ជាផ្លូវការផងដែរ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ មកដល់ពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៩៧គម្រោង ។ក្នុងនេះគម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ ៦១គម្រោង, គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួនបីគម្រោង ,គម្រោងបានដាក់ពាក្យស្នើសុំ តែពន្យាមានប្រាំមួយគម្រោង ។
ជាកំណត់ត្រាបង្ហាញថា ឆមាសទី១ឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២,៨លាននាក់ ក្នុងនោះភ្ញៀវជាតិ ២,៦លាននាក់ និងភ្ញៀវបរទេសជាង ២០ម៉ឺននាក់ ។បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ មានការកើនឡើង។ភ្ញៀវទេសចរមកពីអឺរ៉ុបភាគច្រើនសំដៅទៅកម្សាន្តនៅតំបន់កោះក្នុងក្រុងកោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ) ។ ដោយឡែក ចំពោះការដឹកជញ្ជូន រាជរដ្ឋាភិបាលបានកំណត់យកកំពង់ផែក្រុងព្រះសីហនុ ទៅដល់ស្រុកស្ទឹងហាវ ជាតំបន់ឧស្សាហកម្ម និងភស្តុភាកម្ម។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចំពោះការដឹកជញ្ជូន រាជរដ្ឋាភិបាលបានកំណត់យកកំពង់ផែក្រុងព្រះសីហនុ ទៅដល់ស្រុកស្ទឹងហាវ ជាតំបន់ឧស្សាហកម្ម និងភស្តុភាកម្ម។
ដោយឡែកកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ជាថ្ងៃទី១ នៃកិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតអាស៊ាន លើកទី៧ (SEVENTH ASEAN SMART CITIES NETWORK) ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្រេចដាក់បេក្ខភាពក្រុងព្រះសីហនុ ចូលជាសមាជិកនៃ បណ្តាញទីក្រុងឆ្លាតអាស៊ាន ជាផ្លូវការ ក្រោមការចង្អុលបង្ហាញ និងសម្របសម្រួលពីគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត នៃក្រសួងមហាផ្ទៃ។ ការចូលជាសមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ាន នេះ នឹងជំរុញឱ្យទីក្រុងព្រះសីហនុ ក្លាយជាទីក្រុងមួយរស់នៅប្រកបដោយគុណភាពជីវិតខ្ពស់ ការប្រកួតប្រជែងសេដ្ឋកិច្ច និងជាទីក្រុងដែលមានបរិស្ថានប្រកបដោយនិរន្តរភាព ព្រមទាំងចាប់ឱកាសនូវកាលានុវត្តភាពថ្មីៗ នៃសាកលភាវូនីយកម្មបច្ចេកវិទ្យា និងសេដ្ឋកិច្ច។
ក្រុងព្រះសីហនុ ជាទីក្រុងទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដែលបានចូលជាសមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ាន កាលពីឆ្នាំ២០១៨។ គិតត្រឹមឆ្នាំ២០២៤នេះ បណ្តាញទីក្រុងឆ្លាតអាស៊ានមានចំនួន ៣១ ទីក្រុង មកពីប្រទេសចំនួន១០ រួមមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ភូមា សិង្ហបុរី ថៃ និងប្រទេសវៀតណាម។
គួរជម្រាបថា ព្រះសីហនុ ជាខេត្តមានសក្តានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍ ។ ខេត្តមានក្រុងចំនួនពីរ និងស្រុកចំនួនបី មាន ២៩ឃុំ/សង្កាត់ ស្មើនឹង ១១១ភូមិ ។ខមានកោះ៣២ ឆ្នេរសមុទ្រមានប្រវែង ១៧៥គីឡូម៉ែត្រ មានឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រ៕