សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធររឹតបន្ដឹងក្រុមក្មេងទំនើងបង្ហោះម៉ូតូ ដោយត្រូវដកហូតម៉ូតូយកមកទុក រយៈពេល ៣ ឬ៦ខែ

0

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះក្រុមក្មេងទំនើងបង្ហោះម៉ូតូ តាមដងផ្លូវសាធារណៈ ត្រូវចាប់យកម៉ូតូមករក្សាទុក ក្នុងរយៈពេលចាប់ពី៣ ឬ ៦ខែ។

ការលើកឡើងរបស់សម្ដេចធិបតី បន្ទាប់ពីសម្តេចបានឃើញមាន ការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យ បង្កឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កហានិភ័យដល់អ្នកដំណើរផ្សេងទៀត។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការបង្ក្រាបក្រុមដាវស៊ាំម៉ារ៉ៃ ដែលបង្កហានិភ័យដល់ខ្លួន និងសន្ដិសុខសណ្ដាប់ធ្នាប់ នៅក្នុងសង្គមបានល្អ ទោះបីជានៅមានក្រុមខ្លះ បន្ដសកម្មភាពក៏ដោយ ប៉ុន្ដែក៏មានការថមថយ។

សម្តេចធិបតី បានផ្តាំផ្ញើថា ទោះបីថមថយក៏ដោយ ក៏មិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែអនុវត្តឱ្យបានជាប់ជាប្រចាំ ដើម្បីថែរក្សាសន្ដិសុខជូនប្រជាពលរដ្ឋ ខណៈ សម្តេច បានមើលឃើញថា ក្រុមក្មេងទំនើងនៅតែមាន។

សម្ដេចធិបតី មានប្រសាសន៍ថា «ពេលជាមួយគ្នានេះ បទល្មើសក្រុមក្មេងមួយប្រភេទទៀត គឺការបង្ហោះម៉ូតូជាសាធារណៈ គឺនៅមានកើតឡើងនៅឡើយ ។ កន្លងទៅសមត្ថកិច្ចរបស់យើង នៅតាមបណ្ដារាជធានី-ខេត្ត បានអនុវត្តនូវវិធានការរដ្ឋបាលជាច្រើន។ ប៉ុន្ដែប្រសិទ្ធភាពនៅមានកម្រិត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្ត ទៅលើការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ នៅតាមទីសាធារណៈ ខ្ញុំសូមឱ្យអាជ្ញាធរ ជាពិសេសសមត្ថកិច្ចរបស់យើង បង្កើននូវិធានការ តាមរយៈការដាក់ចេញវិធានការរដ្ឋបាល ក្នុងការឃាត់ម៉ូតូរយៈពេល ៣ខែ ចំពោះការប្រព្រឹត្តិបទល្មើសលើកទី១ និង ៦ខែ បើសិនជាមិនរៀងចាល បើប្រព្រឹត្តិបទល្មើសជាលើកទី២»។

សម្ដេចធិបតី ក៏បានណែនាំដល់សមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ថែទាំទ្រព្យសម្បត្តិម៉ូតូ ដែលដកហូតឱ្យបានល្អ ហើយធ្វើលិខិតការធានា និងប្រគល់ម៉ូតូត្រឡប់ទៅឱ្យសាមីខ្លួន និងក្រុមគ្រួសារវិញ នៅពេលវិន័យរដ្ឋបាលនេះត្រូវបានបញ្ចប់។ សម្ដេច សង្ឃឹមថា ការដាក់ចេញនូវវិធានការថ្មីនេះ នឹងចូលរួមក្នុងការបង្ក្រាបក្រុមក្មេងទំនើង បង្ហោះម៉ូតូនៅតាមមូលដ្ឋាន ព្រោះថា «បើអស់ម៉ូតូ គឺមិនអាចបង្ហោះបានទេ»។

សម្ដេចធិបតី បន្ថែមថា ការកាត់បន្ថយនូវសកម្មភាពបង្ហោះម៉ូតូ ក៏ជាចំណែកមួយក្នុងការចូលរួម ថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងកាត់បន្ថយហានិភ័យ ដែលអាចនាំឱ្យមានការគ្រោះថ្នាក់ ដោយសារការបង្ហោះម៉ូតូទៅដល់អ្នកដ៏ទៃ និងទៅដល់អ្នកបង្ហោះម៉ូតូខ្លួនឯង ព្រោះកន្លងទៅអ្នកបង្ហោះម៉ូតូ បានទៅបុកអ្នកផ្សេងរហូតដល់ បាត់បង់ជីវិតក៏មាន។

ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏សុំការយោគយល់ពីសំណាក មាតា បិតា នៅពេលដែលវិធានការនេះអនុវត្ត ចំពោះកូនចៅរបស់ខ្លួនដែលបានបង្ហោះម៉ូតូ ដោយសមត្ថកិច្ចរក្សាទុកម៉ូតូរយៈពេល ៣ ឬខែ៦ ។ សម្តេច ថា ដើម្បីកុំឱ្យមានបញ្ហា មាតា បិតា ក៏ត្រូវណែនាំ ឬអប់រំ កូនរបស់ខ្លួនកុំឱ្យធ្វើសកម្មភាពបង្ហោះម៉ូតូ៕​