ស្ទឹងត្រែង៖ ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខ្ញុំបានដាក់បទបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការអង្កេតស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់នូវជនសង្ស័យមួយចំនួន ហើយបានពន្លាត និងតាមប្រមាញ់យកមុខសញ្ញា វត្ថុតាងមួយចំនួន ព្រមទាំងបន្តតាមឃាត់ខ្លួនមុខសញ្ញាល្មើស តាមដីកាបញ្ជារបស់ព្រះរាជអាជ្ញា។ បច្ចុប្បន្ន ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្តស្ទឹងត្រែង ស្របតាមនីតិវិធីច្បាប់។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបបានទាំងស្រុង។
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែង ដែលធ្លាប់បាត់ម៉ូតូ សូមអញ្ជើញមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីពិនិត្យម៉ូតូ ដោយភ្ជាប់មកជាមួយនូវឯកសារផ្លូវការ និងច្បាស់លាស់៕
ប្រភព៖ សរ សុពុត្រា – Sor Soputra