ឃាត់ជនសង្ស័យ ២នាក់ ពាក់ព័ន្ធ​នឹង​ករណីហិង្សា​ដោយ​ចេតនា

0

កំពង់ចាម៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ចាម បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​បើក​ការ​ស្រាវជ្រាវ ស៊ើបអង្កេត រហូត​កំណត់​បាន​មុខសញ្ញា​ក្មេង​ទំនើង ចំនួន​២​នាក់ ធ្វើ​សកម្មភាព​ដេញ​វៃ​គ្នា នៅ​តាម​ទី​សាធារណៈ
នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៩:៤៥​នាទី​ព្រឹក កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​មាន​ករណី ហិង្សា​ដោយ​ចេតនា (​ដេញ​វាយ​គ្នា​) នៅ​ចំណុច​មាត់ទន្លេ​កំពង់​រង​ចាំ ស្ថិត​ក្នុងភូមិ​ទី​១១ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​២០ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៤ វេលា​ម៉ោង​០១ និង​៣០​នាទី រំលង​អា​ធ្រា​ត ។

ក្រោយ​ទទួល​បាន​ព​ត៌​មាន​ភ្លាម ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជា​ឱ្យ​កម្លាំង​នា​ញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​កំណត់​បាន​មុខសញ្ញា ចំនួន​២​នាក់ នាំ​យក​មក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ហើយ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា នៅ​ចំណុច​មាត់ទន្លេ ខាងលើ​នេះ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់ រួម​នឹង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ធ្វើ​កសាង​សំណុំរឿង​តាម​នីតិវិធី និង​តាម​បញ្ជា​របស់ ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម និង​បន្ដ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក មុខសញ្ញា​ជាប់​ពាក់ព័ន្ធ យក​មក​អនុវត្ត​ច្បាប់ តាម​នីតិវិធី​។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សូម​អំពាវនាវ​ដល់​ប្អូន​ៗ ក្មួយ​ៗ ដែល​កំពុង​ពេញវ័យ​សិក្សា​ទាំងអស់ សូមកុំ​យក​គំរូ​តាម ហើយ​ខិតខំ​សិក្សា​រៀនសូត្រ ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ស្នើ​សុំ​ដល់​អាណាព្យាបាល​គ្រប់​រូប ត្រូវ​បន្ដ​ការ​ខិតខំ​អប់រំ​ណែនាំ​កូន​ៗ កុំឱ្យ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ដែល​នាំ​ឱ្យ​មានទោស​ទណ្ឌ នាំ​ឱ្យ​ខាត់បង់​ដល់​ការ​សិក្សា ទ្រព្យសម្បត្តិ កិត្តិយស និង​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​សង្គម​ជាតិ​ទាំងមូល៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម