តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ ៥០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២២ ខែកក្កដា នេះ

0

ភ្នំពេញ៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៥០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយប្រព័ន្ធសម្ពាធទាបបានវិវត្តន៍ទៅជាព្យុះទី៤ឈ្មោះ ព្រះពិរុណ (Prapiroon)និងព្យុះឈ្មោះ ហ្គ្សាមី (Gaemi)គ្របដណ្តប់លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ នឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលមកលើប្រទេសកម្ពុជា។

ស្ថានភាពបែបបនេះចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣១°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣១°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣០°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕