សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរលោកជំទាវ ជា សិរី ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការចាយប្រាក់ដុល្លារដែលមានសភាពចាស់ ឬប្រឡាក់ នៅខេត្តសៀមរាប

0

ភ្នំពេញ៖ «​ខ្ញុំ​សូម​អរគុណ និង​កោតសរសើរ​ចំពោះ​លោក​ជំទាវ ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ចំពោះ​ចំណាត់ការ​ដ៏​ឆាប់រហ័ស ក្នុង​ការ​ដាក់​ចេញ​នូវ​គោលការណ៍​ពាក់ព័ន្ធ​នឹង​ការ​សម្រួល​លក្ខ​ខ័​ណ្ឌ​សម្រាប់​ការ​ចាយ​ក្រដាស់ប្រាក់​ដុល្លារ​អាម៉េរិក ដែល​មាន​សភាព​ចាស់ ប្រឡាក់ ឬ​ខូចខាត​ខ្លះ នៅ​ខេត្តសៀមរាប​»​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​។

តាម​រយៈ​បណ្ដាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​២២​កក្កដា​នេះ សម្ដេច​ធិ​បតី បាន​លើក​ឡើង​ថា បញ្ហា​លំបាក​ពាក់ព័ន្ធ​នឹង​ការ​ចាយវាយ​ក្រដាសប្រាក់​ដុល្លារ​អាម៉េរិក​ដែល​មាន​សភាព​ចាស់ ប្រឡាក់ ឬ​ខូចខាត​ខ្លះ បាន​បង្ក​ការ​លំបាក​សម្រាប់​ការ​លក់ដូរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ដែល​បញ្ហា​នេះ ត្រូវ​បាន​បងប្អូន​អ្នក​លក់ដូរ​ប្រាប់​សម្ដេច​ផ្ទាល់ ពេល​ដែល​សម្ដេច​ចុះ​ទៅ Pub Street កាលពី​យប់​ថ្ងៃ​ទី ១៧ កក្កដា ២០២៤ កន្លង​ទៅ​នេះ​។

សម្ដេច​សង្ឃឹមថា ចំណាត់ការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា នឹង​លុប​បំបាត់​បញ្ហា​លំបាក​ពាក់ព័ន្ធ​នឹង​ការ​ចាយ​ក្រដាសប្រាក់​ដុល្លារ​អាម៉េរិក និង​ជួយ​សម្រួល​ដល់​ការ​លក់ដូរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ទេសចរណ៍​ដែល​ទស្សនា​ខេត្តសៀមរាប​ផង​ដែរ​។

សម្ដេច​សូម​ឱ្យ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តសៀមរាប បណ្ដា​ធនាគារឯកជន​ទាំងអស់​នៅ​ក្នុង​ខេត្តសៀមរាប ក៏​ដូច​ជា​បណ្ដា​អាជីវកម្ម​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​លក់ដូរ​ទាំងអស់​នៅ​ក្នុង​ខេត្ត ចូលរួម​អនុវត្ត​នូវ​គោលការណ៍​ថ្មី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឱ្យ​បាន​ស្រុះគ្នា ដើម្បី​កុំឱ្យ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ចាយ​ក្រដាសប្រាក់​ដុល្លារ ដែល​មាន​សភាព​ចាស់ ឬ​ប្រឡាក់​បន្ត​ទៀត​៕