កណ្តាល៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការដឹកនាំដោយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយមន្ត្រីជំនាញគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល ចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿងម៉ាក តួរីស ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម ។
ជាលទ្ធផល មន្ត្រីជំនាញ ក.ប.ប. បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និងដោយមានការយល់ព្រមពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្ត្រីជំនាញ ក.ប.ប. និងការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បានធ្វើការដុតកម្ទេចចោលសាច់បង្កកទាំងនោះតាមនីតិវិធី រីឯម្ចាស់រថយន្ត និងអ្នកនាំចូលត្រូវបានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បន្តអនុវត្តតាមនីតិវិធីគយនិងរដ្ឋាករ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF