សមត្ថកិច្ចក្រុងបាត់ដំបងឃាត់ក្មេងទំនើងមួយក្រុម ករណីហិង្សាវាយនិងកាប់ម៉ូតូ

0

បាត់ដំបង៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០០និង៣០នាទី ស្ថិតនៅចំណុចផ្លូវជាតិលេខ៥៧ ស្ថិតនៅក្រុមទី០៦ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាធ្វើអោយខូចខាតដោយចេតនា (វាយម៉ូតូ) មួយកើតឡើង បង្កឡើងដោយក្រុមក្មេងទំនើង ០១ក្រុម (មិនស្គាល់អត្តសញ្ញាណ) មានគ្នា០៥នាក់ ជិះម៉ូតូធ្វើសកម្មភាពវាយមកលើម៉ូតូរបស់ជនរងគ្រោះឈ្មោះ ឡេ ផាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រៃកូនខ្លា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលអោយខូចខាតម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០២៤ បែកស៊ីញ៉ូខាងស្ដាំ និងបែកអាវខាងឆ្វេង ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖
១.ឈ្មោះ វណ្ណ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២.ឈ្មោះ មួន ផាត់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣.ឈ្មោះ សល់ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤.ឈ្មោះ ស្រេង មិនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានបានជិះម៉ូតូគា និងធាក់ម៉ូតូរបស់ជនរងគ្រោះធ្វេីអោយជនរងគ្រោះបណ្ដួលម៉ូតូ ហេីយរត់ចោលម៉ូតូ ពេលនោះពួកខ្លួនបានធ្វេីសកម្មភាពធាក់ និងវាយម៉ូតូរបស់ជនរងគ្រោះបណ្ដាលអោយខូចខាត ពិតប្រាកដមែន ។ វត្ថុតាងដកហូតបាន ៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រី សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ស្លាកលេខ បាត់ដំបង 1AU-5319 ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕