រថភ្លើង Kiha-183 ចំនួន២ទូចុងក្រោយ បើកតេស្តសាកល្បងលើផ្លូវដែក ព្រះសីហនុ-ភ្នំពេញ ដោយជោគជ័យ

0

ភ្នំពេញ​៖ រថភ្លើង Kiha-183 ចំនួន​២​ទូ​ចុង​ក្រោយ ដែល​ទើប​កែកុន​រួច​លើ​ប្រព័ន្ធ​ជើង​ក្រោម និង​បរិក្ខារ​សម្រាប់​ដឹក​អ្នកដំណើរ បាន​បើកបរ​ធ្វើតេស្ត​សាកល្បង​លើ​ផ្លូវដែក​ភាគ​ខាងត្បូង (​ព្រះ​សីហ​នុ​-​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​ដោយ​ជោគជ័យ​។

ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តែង​បាន​ចង្អុលបង្ហាញ និង​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​ផ្លូវដែក យកចិត្តទុកដាក់​ចុះ​ពិនិត្យ តាមដាន​ជា​ប្រចាំ​លើ​ដំណើរការ​បើក​តេស្ត​សាកល្បង បន្ទាប់​ពី​កែសម្រួល​ប្រព័ន្ធ​ហ្វ្រាំង និង​ទទឹង​កង់​ពី ១០៦៧ មិល្លីម៉ែត្រ (​ស្តង់ដារ​ផ្លូវដែក​ជប៉ុន​) មក​១០០០​មិល្លីម៉ែត្រ (​ស្តង់ដារ​ផ្លូវដែក​កម្ពុជា​)​។

គួរ​បញ្ជាក់​ថា រថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៩​គ្រឿង​ហើយ បាន​បើកបរ​តេស្ត​សាកល្បង​ទាំង​ផ្លូវដែក​ភាគ​ខាងត្បូង​(​ព្រះ​សីហ​នុ​-​ភ្នំពេញ​) និង​ភាគ​ខាងជើង​(​ភ្នំពេញ​-​មា​នក​-​ខេត្តកំពង់ឆ្នាំង​) ប្រកបដោយ​ជោគជ័យ​ជា​បន្តបន្ទាប់ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ការ​បើកបរ​ធ្វើតេស្ត​សាកល្បង​លើ​ផ្លូវដែក​ភាគ​ខាងត្បូង (​ភ្នំពេញ​-​ព្រះ​សីហ​នុ​) ក្នុង​ល្បឿន​ចន្លោះ​៥០-៨០km/h និង​ផ្លូវដែក​ភាគ​ខាងជើង (​ភ្នំពេញ​-​មា​នក​) ចន្លោះ​ពី​៣០-៥០km/h​។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុមការងារ​បាន​ពិនិត្យ និង​សិក្សា​រួម​គ្នា​លើ​ដំណើរការ​កែ​ប្រព័ន្ធ​ជើង​ក្រោម ទ្វារ​ចេញ​-​ចូល ម៉ាស៊ីនត្រជាក់​ច្រក​ទ្វារ​សុវត្ថិភាព សម្ភារ​បរិក្ខារ និង​ការងារ​ផ្សេង​ៗ​ទៀត ដើម្បី​ប្រា​កថា​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ដឹក​ជញ្ជូន​អ្នកដំណើរ មុន​នឹង​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ​៕