ភ្នំពេញ៖ សេចក្ដីបំភ្លឺបន្ថែម!!! ទន្ទឹមនឹងមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់មានចម្ងល់របស់សាធារណជនពាក់ព័ន្ធកាតព្វកិច្ចពន្ធនិងអាករនាំចូលលើទូរសព្ទប្រភេទ “Nokia ចុចពិល” ដោយមានការលើកឡើងថាទំនិញនេះត្រូវបង់ពន្ធនិងអាករនាំចូលដល់ទៅ ៩៣ ដុល្លារអាម៉េរិកក្នុងមួយគ្រឿង។
ពាក់ព័ន្ធនឹងការលើកឡើងនេះ អគរ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបបន្ថែមថា មុខទំនិញទូរសព្ទមានពន្ធនិងអាករនាំចូល ១៥,៥% ហើយកន្លងមក ការប្រកាសនាំចូល មានតម្លៃ ៥ USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥ x ១៥,៥% = ០,៧៧៥ USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ ដុល្លារអាម៉េរិកដូចមានការលើកឡើងមួយចំនួនឡើយ៕
ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា


