បន្ទាយមានជ័យ ៖ នាយករងម្នាក់ នៃសាលាបឋមសិក្សាថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនិតិវិធី ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ពីបទលួងលោមសិស្សស្រីម្នាក់(អនីតិជន) ដោយសន្យាឲ្យពិន្ទុខ្ពស់ ហើយរំលោភបានសម្រេចជាច្រើនលើក។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ៥៣ ឆ្នាំ រស់នៅភូមិអណ្ដូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានតួនាទីជានាយករងសាលាបឋមសិក្សាថ្មពួក ស្ថិតក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ វ-ស-ម អាយុ១២ឆ្នាំ ជាសិស្ស សាលាបឋមសិក្សាថ្មពួក នៅឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកស្រីឧត្តមសេនីយ៍ស្នងការរងបន្តថា ៖ ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ គឺយោងតាមបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ ទឹម ញ៉ាន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះ មន្ត សុមិត្ត នាយករង បានលួងលោមចៅស្រីរបស់គាត់រំលោភបានសម្រេចជាច្រើនលើក ខណៈពេលគាត់បានឃើញទឹកមុខចៅស្រីមានសភាពស្លេកស្លាំងខុសពីធម្មតា ហើយក៏បានសួរនាំ ចៅស្រីក៏បានរៀបរាប់ប្រាប់ពីហេតុការណ៍ដែលបានកើតមកលើខ្លួននោះ។
ក្រោយពីទទួលបណ្តឹងកម្លាំងជំនាញនគរបាលស្រុកថ្មពួក បាននាំខ្លួនជនសង្ស័យមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកថ្មពួក ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់ថា ៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ មន្ត សុមិត្ត បានសារភាពថា ៖ ខ្លួនពិតជាបានរំលោភក្មេងស្រីរងគ្រោះពិតមែន កាលពីខែមេសានិងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងបន្ទប់ប័ណ្ណាល័យ ដោយសន្យាឲ្យពិន្ទុកល្អនិងឲ្យចំណាត់ថ្នាក់ខ្ពស់។
ដោយផ្អែកលើបណ្តឹងជីតាក្មេងស្រីរងគ្រោះ និងការបំភ្លឺពីជនរងគ្រោះ ព្រមទាំងចំលើយសារភាពរបស់ជនសង្ស័យ ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយចាត់ការតាមនីតិវិធី៕