ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបញ្ជាឱ្យអភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។ ការចេញបទបញ្ជានេះ ត្រូវបានសម្តេចធិបតីបានមើលឃើញថា មានសកម្មភាពក្មេងទំនើងធ្វើសកម្មភាពកាប់ចាក់គ្នាជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញតាមបណ្តាញសង្គមរហូតដល់ធ្វើឱ្យខូចទ្រព្យសម្បត្តិភាគីម្ខាងទៀតផងដែរ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នៅសណ្ឋាគាសុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាទៅអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះ ក្រុម ក្មេងទំនើង ពិសេសក្រុមដាវសាំម៉ូរ៉ៃ បានកាប់គ្នា ប៉ុន្មានថ្ងៃនេះ នៅភ្នំពេញ។ ម្សិលម្ងៃបានកាប់ដាច់ដៃ និងទ្រព្យសម្បត្តិ ថាភាគីក៏ដោយ តែធ្វើឱ្យមានការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា អាជ្ញាធរត្រូវធ្វើឱ្យម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និងសន្តិសុខសង្គម ហើយក៏ត្រូវតែអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមានរបស់យើង។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ការធ្វើបែបនេះដើម្បីធានាព្រោះថាសន្តិសុខសង្គម ភូមិ សង្កាត់មានសុវត្ថិភាពគឺជាគោលដៅចំពោះរបស់រាជរដ្ឋាភិបាល ក្នុងរឿងគ្រឿងញៀនបានអនុវត្តន៍ជាបន្តបន្ទាប់។ សម្ដេចធិបតីបានលើកឡើងថា រឿងគ្រឿងញៀនវាមិនងាយស្រួលនោះទេ តែយើងត្រូវតែធ្វើជាប្រចាំជានិច្ច ហើយរឿងបើកឡានបុកគេ ចាប់អនុវត្តន៍ច្បាប់មិនឱ្យរួចខ្លួននោះទេ ពេលនេះបានស្ងាត់ តែវានៅរឿងបងធំ បងតូច ជាពិសេសនោះក្រុមដាវសាំម៉ូរ៉ៃ។ សម្តេចធិបតីបានអះអាងថា សម្តេចបានកំពុងតែឱ្យក្រសួងយុត្តិធម៌ពិនិត្យចំពោះការដាក់ដាវសាំម៉ូរ៉ៃតាមខ្លួនហ្នឹង ព្រោះថាបើប្រជាពលរដ្ឋគាត់ដាក់កាំបិតគាត់ទៅធ្វើការងារ នៅចម្ការ តែនៅភ្នំពេញដាក់ដាវសាំម៉ូរ៉ៃតាមខ្លួនទៅធ្វើអ្វី ហើយទៅរៀនដាក់ដាវការពារខ្លួនឬ?
សម្ដេចធិបតីបានបន្ដថា បញ្ហានេះ យល់ល្អកុំឱ្យមានទាំងអស់គ្នាប្រសើរជាង បើឱ្យមាននោះតិចទៀតកាប់គ្នាជិតពេក អាចប្រើដល់ធ្នូ វាបាញ់បានឆ្ងាយ«…»។ សម្ដេចធិបតីបានរម្លឹកថា កាលពីមុនសម្ដេចឃើញមានម្នាក់កំពុងជិះម៉ូតូមក ហើយកាប់គ្នាពីក្រោយដោយមិនដឹងខ្លួន។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យស្ថាប័នអយ្យការត្រូវមានវិធានការលើការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់ការមើលក្នុងសំណុំរឿងក្មេងទំនើងនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់របស់យើង។
ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា សម្តេចមិនបានដាក់បញ្ជាទៅស្ថាប័នតុលាការនោះទេ តែសូមឱ្យស្ថាប័នតុលាការត្រូវអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់លើកកិច្ចការនេះ ។ សម្ដេចធិបតីបានអះអាងផងដែរថា ពិតណាស់ច្បាស់ជាមានក្មេងៗក្រោមអាយុ១៤ឆ្នាំ ឬ១៨ឆ្នាំ ត្រូវអនុវត្តទោសទណ្ឌបែបណា តែត្រូវសិក្សាឱ្យបានច្បាស់ថាត្រូវធ្វើការពង្រឹងបែបណាដើម្បី ឱ្យខ្លាច។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ឪពុក ម្តាយក៏ដូចជាអាណាព្យាបាល ខិតខំអប់រំទូន្មានប្រដៅកូនព្រោះថាកិច្ចការងារនេះត្រូវអប់រំទាំងនៅសាលារៀន និងនៅផ្ទះ៕
ប្រភព៖ AKP