ភ្នំពេញ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ២០:២០ នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយជំនាញបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានធ្វេីការស្ទាក់ចាប់ រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ស៊ីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ២C-៥៩៤៩ សង្ស័យដឹកសាច់បង្កក និងគ្រឿងក្នុងសត្វ ខូចគុណ ភាព ប៉ះពាល់ដល់សុខភាព នៅចំណុចលើផ្លូវជាតិលេខ៥ មុខក្លោងទ្វារ វត្តមណីរតនារាម ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយ មានការសម្របសម្រួលពីលោកគ្រី សីហា ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តពោធិសាត់ ជាលទ្ធផលសមត្ថកិច្ច បានធ្វេីការត្រួត ពិនិត្យ និងឆែកឆេរ រកឃើញសាច់បង្កក និងគ្រឿងក្នុងសត្វ ខូចគុណភាព គ្មានលិខិតអនុញ្ញាត គ្មានប្រភពច្បាស់លាស់ ចំនួន ៥៥២ គីឡូក្រាម ក្នុងនោះរួមមាន៖

១-/អណ្តាតជ្រូក ៤២ថង់ ស្មើនឹង ២១០គីឡូក្រាម
២-/ពោះគោសម្អាតរួច ២៤ថង់ ស្មើនឹង ១៥០គីឡូក្រាម
៣-/ជើងជ្រូក ៩៥គីឡូក្រាម
៤-/ជង្គង់មាន់-ទា ដកឆ្អឹងរួច ៦៧គីឡូក្រាម ។
សមត្ថកិច្ចយេីង បានធ្វេីការដុតកំទេចចោល តាមវិធានបសុពេទ្យ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

