រថយន្តសាំយ៉ុងបុកម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យស្លាប់១នាក់នៅនឹងកន្លែងកើតហេតុ

0

ពោធិ៍សាត់៖ រថយន្តសាំយ៉ុងបុកម៉ូតូហុងដាឌ្រីមក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យស្លាប់១នាក់នៅនឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៩០-១៩១ ត្រង់ចំណុចមុខសាលាបឋមសិក្សាស្នាមព្រះ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃពុធ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទីល្ងាច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ព្រះសីហនុ 2A-1503 បើកបរដោយឈ្មោះ សុខ ចាន់រ៉ា ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រឹសក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ(ពុំមានរងរបួស)បានបើករថយន្តពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ១គ្រឿងពីក្រោយយ៉ាងពេញទំហឹង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខ បាត់ដំបង 1H-1507 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ)។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ចំពោះវត្ថុតាងរថយន្ដនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តសមត្ថកិច្ចបានប្រគល់ឲ្យទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយតាមនីតិវិធី៕