ភ្នំពេញ៖ នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយពួកគេបានចោទប្រកាន់ថា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក»។
ការផ្សព្វផ្សាយរបស់វិទ្យុបរទេសនេះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យព្រះជាណាចក្រកម្ពុជា ជាពិសេសវត្តមាននាវាយោធារបស់ចិន ដែលបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត ចំពោះ ការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានផ្សាយបំភ្លើសការពិត ទាក់ទងនឹងវត្តមាននាវារបស់កង ទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែខេត្តព្រះសីហនុ។
វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម ហើយការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះដើម្បីបម្រើឱ្យវិស័យយោធានៅពេលខាងមុខផងដែរ មិនមែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ។
ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពបរទេសនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងទៅដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត។
កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំកម្ពុជា ក៏បានចេញមកបញ្ជាក់យ៉ាងច្បាស់ជុំវិញករណីនេះដោយកម្ពុជាមានភាពចាំបាច់ដែលត្រូវមានមូលដ្ឋានកងទ័ពបរទេសនោះឡើយ។ សម្តេចបានចោទសួរថា «តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី0x017d7 និងដើម្បីអ្វី0x017d7 តើកម្ពុជាឆោតល្ងង់រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ0x017d7 និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការណ៍គោរពឯករាជ្យភាពកម្ពុជាពីសំណាក់ចិនឬ0x017d7»។
ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់២ចំណុចផងដែរ នោះគឺ «ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជា គ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះទេ និងទី២៖ យើងមិនឱ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយក៏យើងមិនឱ្យនោះដែរ»។
ខ្ញុំសង្ឃឹមថា ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀតរបស់កម្ពុជា នឹងអាចលុបបំបាត់ការបំភ្លៃ ការបំផ្លើសព័ត៌មានរបស់សារព័ត៌មានបរទេស និងពាក្យចចាមអារ៉ាមមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពបរទេសនេះតទៅទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន