ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២៤

0

ព្រះសីហនុ៖ ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រ​សីហ​នុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមេសា និង​លើក​ទិស​ដៅ​ប្រចាំ​ខែឧសភា ឆ្នាំ​២០២៤ នៅ​សាលាខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៤ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ចំណុះ​រដ្ឋបាល ខេត្ត​ព្រះ​សីហ​នុ​។

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមេសា និង​លើក​ទិស​ដៅ​ការងារ​ខែឧសភា ឆ្នាំ​២០២៤ មាន​របៀប​វារ​:​ចំនួន​១១​គឺ​៖ ១-​មតិ​ដឹកនាំ​កិច្ចប្រជុំ​ដោយ​, ២-​របាយការណ៍ ស្តី​ពី​ការ​ដាំ​កូន ក្ងោក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ និង​ការ​ដាំ​ដើម​គគីរ និង​ដើម​ក្រ​ញូ​ង​នៅ មណ្ឌល​បន្សាប​គ្រឿងញៀន កែវ​ផុស​, ៣-​របាយការណ៍ ស្តី​ពី​គម្រោង​ស្តារ​ប្រឡាយ ជើង​ក្អែប​, ៤-​របាយការណ៍ ស្តី​ពី​ស្ថានភាព​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​, ៥-​ផ្សព្វផ្សាយ​សេចក្តីណែនាំ ស្តី​ពី​ដំណើរការ នៃ​ការ​រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ស្តី​ពី “​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០”, ៦-​ផ្សព្វផ្សាយ​របាយការណ៍ ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​ដំណើរការ នៃ​ការ​ត្រួតពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ស្ថាប័ន​, ៧-​ផ្សព្វផ្សាយ​របាយការណ៍​លទ្ធផល នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​វឌ្ឍនភាព និង​បញ្ហា ប្រឈម​នានា ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​មន្ត្រី បុគ្គលិក​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​, ៨-​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​លេខ ១២២២ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៤ របស់ ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​ពង្រឹង​ការ​គ្រប់គ្រង ការ​ថែរក្សា និង​ការ​ការពារ​ធនធានធម្មជាតិ នៅ​តាម​រាជធានី ខេត្ត​, ៩-​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​លេខ ៤៧០ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តី​ពី​របាយការណ៍​បូក​សរុប​សកម្មភាព និង​លទ្ធផល​ការងារ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​, ១០-​ការ​ចូលរួម​មតិ យោបល់​របស់​អង្គប្រជុំ​, ១១-​មន្ទីរ អង្គភាព ពិនិត្យ​ការ​ផ្តល់​គ្រឿង​ឥស្សរិយយស ជូន​មន្ត្រីរាជការ​ក្រោម​ឱវាទ​។

បន្ទាប់​ពី​ស្តាប់​រាយការណ៍ និង​បទ​បង្ហាញ​រួច​មក ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​កសិកម្ម ដែល​បាន​ខិតខំ​ថែទាំ​ដើមឈើ មាន​ដូច​ជា ស្រោច​ទឹក ការ​ដាំ​ដុះ ជួស​ឡើង​វិញ នូវ​ដើមឈើ​ដែល​បាន​ងាប់ ការ​កាច់​បំផ្លាញ និង​គ្រោះថ្នាក់​ចរាចរណ៍​បុក​ដួល​ដើម ឈើ នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ​ក្នុង​រដូវប្រាំង​នេះ ដែល​បាន​អូស​បន្លាយ រហូត​ដល់​ដើមខែ​ឧសភា ២០២៤ ដែល​មានកូន​ឈើ​ចំនួន ៨​មុខ​នៅ​តាម​ដងផ្លូវ សំខាន់​ក្នុង​ក្រុង ហើយ​នៅ​ពេល​ខាង​មុខ យើង​នឹង​ត្រូវ​បន្ត​ការ​ដាំ​កូន​ក្ងោក​នៅ តាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ជិត​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ រហូត​មក​ដល់ ក្រុងព្រះសីហនុ ដែល​គ្រោង​ដាំ​ដុះ​កូន​ក្ងោក​ពី​៥ ទៅ ៦​ពាន់​ដើម ដូច្នេះ​គ្រប់​មន្ទីរ អង្គភាព និង​កងកម្លាំង​របស់​យើង​ត្រៀម​រៀបចំ​ចូលរួម​ដាំ​កូន​ក្ងោក​នៅ​ចុងខែ​ឧសភា ឬ​ដើមខែ​មិថុនា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ដើម្បី​ចូលរួម​លើកកម្ពស់​សោភណភាព បរិស្ថាន​កាន់ តែ​មាន​ភាព​ស្រស់បំព្រង​។

ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ធ្វើការ​វាយតម្លៃ​ចំពោះ​លទ្ធផល​ការងារ​សម្រាប់​ខែមេសា ដែល​គ្រប់់ មន្ទីរ អង្គភាព​បាន​ចូលរួម​សហការ​គ្នា​បំពេញការងារ ភារកិច្ច​របស់​ខ្លួន​បាន​ល្អ ទន្ទឹម​នោះ​យើង​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ពី​គ្រប់​មន្ទីរ អង្គភាព និង​វិស័យ​ឯកជន ដើម្បី​ខេត្ត​របស់​យើង​ទទួល​បានការ​អភិវឌ្ឍ និង​ទទួល​បាន​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​៕

ប្រភព៖ AKP