ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ បានចុះពិនិត្យស្ថានីយបូមទឹកធំៗចំនួនពីរ គឺ៖ សា្ថនីយ៍បឹងទំពន់ និងបឹងត្របែក ដើម្បីត្រៀមរៀបចំបូមរំដោះទឹកជំនន់ចេញពីរាជធានី នៅរដូវវស្សានេះ។ ស្ថានីយបូមទឹកបឹងទំពន់ ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រឿនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង៤០ម៉ែត្រគូប និងជាស្ថានីយបូមទឹក ដែលរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ពន្ធ័ចុះទៅពិនិត្យប្រឡាយស្ថានីយបូមទឹកបឹងទំពន់ និងបឹងត្របែក នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើង។
ឯកឧត្ដមអភិបាលរាជធានី បានគូសបញ្ជាក់បន្ថែមទៀតថា ស្ថានីយបូមទឹកបឹងទំពន់នឹងអាចរំដោះទឹកក្នុងខណ្ឌជាច្រើនៅរាជធានីភ្នំពេញ ដូចជាខណ្ឌទួលគោក សែនសុខ ពោធិ៍សែនជ័យ និងកំបូល។ ពាក់ព័ន្ធនឹងគម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញមានគម្រោងចំនួន៥០គម្រោង ក្នុងនោះប្រឡាយបឹងត្របែកក៏ស្ថិតនៅក្នុងគម្រោងនោះដែរ។
ជាមួយគ្នានេះដែរ ឯកឧត្ដមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះ រាជធានីភ្នំពេញនឹងលែងលិចលង់ ដោយមានការសាទរពីប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ សូមមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងឱ្យបានការបោះសំរាមចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើឱ្យទឹកមិនអាចហូរបាន។ ដោយឡែក គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្ត្រលើកដំបូងនៅកម្ពុជា ក៏ជាផ្នែកសំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថានីយបូមទឹកបឹងទំពន់បានបំពាក់ម៉ូទ័របូមទឹកចំនួន១០គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន៣៣ម៉ែត្រគូបក្នុង១វិនាទី ហើយនឹងមានគម្រោងបំពាក់ម៉ូទ័របូមទឹកចំនួន០២គ្រឿងបន្ថែមទៀតផងដែរ។ ក្រោយបំពាក់ម៉ូទ័របូមទឹកបន្ថែម២គ្រឿងនេះរួច ស្ថានីយបូមទឹកបឹងទំពន់នឹងមានសមត្ថភាពបូមទឹកបាន៤៥ម៉ែត្រគូបក្នុង១វិនាទី។ ចំណែកនៅស្ថានីយបូមទឹកបឹងត្របែកវិញ យើងមានម៉ាស៊ីនចាប់សំរាមស្វ័យប្រវត្តិ ហើយនឹងមានគម្រោងពង្រីក និងដាក់លូប្រអប់លើផ្លូវ១០៥ ទំហំ៤ ទៅ៦ម៉ែត្រផងដែរ។
សូមជម្រាបថា ភ្នំពេញមានស្ថានីយបូមទឹក១៤កន្លែង ហើយនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយបូមទឹកទាំង១៤កន្លែងនេះបើកប្រតិបត្តិការព្រមៗគ្នាតែម្តង ដែលធ្វើឱ្យរាជធានីភ្នំពេញអស់ក្តីបារម្ភរឿងលិចយូរទៀត៕
ប្រភព៖ AKP