ត្រឹមត្រីមាសទី១ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជាកើនឡើង១៣,៥៥ភាគរយ

0

ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទុនវិនិយោគសរុបក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជាមានចំនួនជិត២០ពាន់លានដុល្លារអាមេរិក កើនឡើង១៣,៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងឱកាសសម្ពោធដាក់ដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានកត់សម្គាល់ពីកំណើននៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដែលបច្ចុប្បន្នមានរោងចក្រចំនួន៨១កំពុងដំណើរការ កើនឡើង២,៥៣ភាគរយ ធៀបនឹងឆ្នាំ២០២៣ គ្រាដែលរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតារបស់ជប៉ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញប្រើទុនវិនិយោគជាង៣៦លានដុល្លារអាមេរិក ផ្តល់ការងារចំនួន១៥០កន្លែង និងមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តចំនួន១.៣២០គ្រឿង ផ្តោតលើរថយន្តតូយ៉ូតាពីរប្រភេទគឺ Toyota FORTUNER និង Toyota HILUX ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងឆ្នាំ២០២៤។ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងដំណើរអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តរបស់កម្ពុជា ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងវឌ្ឍនភាពផ្នែកបច្ចេកវិទ្យា។ ការដំណើរការរោងចក្រនេះ នឹងក្លាយជាកម្លាំងការទាក់ទាញ វិនិយោគិនបរទេសមកកម្ពុជា។

លោក Kashitani ICHIRO ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho Corporation បានឱ្យដឹងថា ក្រុមហ៊ុននឹងបន្តជំរុញអាជីវកម្មរបស់ខ្លួន ដោយមិនត្រឹមតែការផលិតយានយន្តប៉ុណ្ណោះទេ តែក៏នឹងផ្តោតលើការបណ្តុះបណ្តាល និងការអប់រំក្នុងវិស័យយានយន្ត ដោយការបង្កើតសាលាបណ្ដុះបណ្ដាលតូយ៉ូតា តាមការណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់ខ្លួនបានបោះជំហានទៅមុខ រួមគ្នានឹងរដ្ឋាភិបាលកម្ពុជា ដោយបានពង្រីក និងបង្កើនសកម្មភាពអាជីវកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន