ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស (យកដៃឆ្កឹះបង្អួចលូកយកកំព្យូទ័រយួរដៃ) នៅចំនុចផ្ទះលេខ១៣០៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២៣:៥៥នាទីយប់។
ជនសង្ស័យមានឈ្មោះ ហេង ទូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។ សំភារៈបាត់បង់រួមមាន Laptop ម៉ាកអេសូស ព៌ណប្រផេះចំនួន ០១គ្រឿង។
គួរបញ្ជាក់ថានៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៥៥នាទី ជនរងគ្រោះបានចូលគេងលក់ក្នុងផ្ទះលេខ១៣០៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលភ្ញាក់ឡើងរកឡេបថប យកទៅធ្វើការទើបដឹងថាបាត់ ក៏បានឆែកកាមេរ៉ាសុវត្ថិភាពឃើញមានជនសង្ស័យឈ្មោះ ហេង ទូច ភេទប្រុស បានលួចយកទៅទើបជនរងគ្រោះបានឡើងមកស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីដាក់ពាក្យបណ្តឹងតែម្តង ក្រោយពីសមត្ថកិច្ចយើងបានទទួលពាក្យបណ្តឹង និងស្រាវជ្រាវកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០នាទីរសៀល សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើល្បាតក្នុងមូលដ្ឋាន ដល់ចំណុចអតីតច្រកចូលឡឥដ្ឋ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានឃើញជនសង្ស័យកំពុងដើរតាមផ្លូវក៏ធ្វើការឃាត់ខ្លួនយកមកទីស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើតែម្តង ក្រោយសាកសួរជនសង្ស័យបានឆ្លើយសារភាពខ្លួនពិតជាបានចូលឆ្កឹះបង្អួចលួចសំភារៈពិតប្រាកដមែន៕
ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ