ភ្នំពេញ៖ កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើតតាមបណ្តាខេត្តនានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៤ ។
នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។
លោក ម៉េត មាសភក្តី បានបន្តថា យើងបានកត់សម្គាល់ថា ចំនួនអ្នកជិះរថយន្តក្រុង ប្រមាណជាង៨ម៉ឺននាក់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការកើនឡើងជាង ២ម៉ឺននាក់ ស្មើ៣៥ភាគរយ បើប្រៀបធៀបទៅនឹងការដឹកជញ្ជូន កាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣ ។ ខេត្តដែលមានពលរដ្ឋជិះរថយន្តក្រុងទៅច្រើន មាន ២ខេត្ត រួមមាន៖ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងនោះ ខេត្តសៀមរាប មានចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ និងខេត្តបាត់ដំបង មានចំនួនជាង ១ម៉ឺននាក់ ។
អ្នកនាំពាក្យរូបនេះបន្តថា ក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរ នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ពោលគឺការដឹកជញ្ជូនបានដំណើរការដោយរលូន ប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ ។ ជាមួយគ្នានេះ ពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏បានសាទរ និងថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាចាណាចក្រកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ ។
គួរបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ។
ក្នុងចំណោមរថយន្តក្រុងចំនួន ៤៥៥គ្រឿងនេះ បានប្រើសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចំនួន ៦០គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅស្រុកកំណើតតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ចំនួន ៣៩៥គ្រឿង ៕
ប្រភព៖ ក្រសួងព័ត៌មាន