ស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង បានរៀបចំសង្ក្រាន្តទាក់ទាញបានភ្ញៀវទេសចរនិងប្រជាពលរដ្ឋ នាំគ្នាមកលេង កម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានជាង៣ម៉ឺននាក់នៅ ក្នុងរយៈពេលបីថ្ងៃ នៅក្នុងក្រុង និងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ។
ក្នុងសភាពដ៏អធឹកអធមក្រោមសំឡេង អឺងកងបង្ហាញភាពសប្បាយរីករាយនៅ ទីតាំងមហាសង្ក្រាន្ត នាបរិវេណចំណតរថយន្ត ជិតមាត់ទន្លេសេសានក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី១៦មេសាឆ្នាំ២០២៤ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមានប្រសាសន៍ចាត់ទុកថា៖ សង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៤ បានផ្តល់ឱកាសសប្បាយរីករាយ យ៉ាង ក្រៃលែង ដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរមកពីបណ្តាខេត្តផ្សេងៗជាច្រើនទៀត បានចូលរួមលេងសប្បាយ ក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីនេះ ។
ឯកឧត្តមមានប្រសាសន៍ថា៖ នៅឆ្នាំ២០២៥ អាជ្ញាធរនឹងរៀបចំទីតាំង ឱ្យបានធំទូលាយជាងនេះ ដើម្បី បង្កើននិងផ្តល់លទ្ធភាពជូនភ្ញៀវទេសចរនិងប្រជាពលរដ្ឋនាំគ្នាមកកម្សាន្តសប្បាយឱ្យបានច្រើនជាងនេះ ព្រោះ សកម្មភាពនេះបានបង្ហាញឱ្យឃើញពីកត្តាសាមគ្គីភាពគ្នាល្អ ហើយសមត្ថកិច្ចក៏បានចូលរួមរៀបចំសណ្តាប់ធ្នាប់ មានសុវត្ថិភាពល្អប្រសើរ ដែរ ។
លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានគាត់សម្គាល់ថា៖នៅឆ្នាំនេះ ភ្ញៀវទេសចរ មានការ ទទួលខុសត្រូវខ្ពស់ ទាំងភ្ញៀវក្រៅខេត្តនិងក្នុងខេត្ត ព្រោះសង្កេតឃើញចំណុចល្អៗច្រើនដែលពួកគាត់ បានចូលរួម អនុវត្ត ទាំងនៅតាមទីប្រជុំជន និងនៅតាមរមណីយដ្ឋាននានា ផងដែរ។
លោកប្រធានមន្ទីរបន្តថា៖ អនុវត្តបានល្អនេះ ដូចជាផ្នែកអនាម័យបរិស្ថាន ការគោរពច្បាប់ចរាចរណ៍ ហើយបងប្អូនអាជីវករលក់ដូរមិនដំឡើងថ្លៃ នេះជាត្រីវិស័យមួយ សម្រាប់មន្ទីរជំនាញយកធ្វើជាបទពិសោធន៍ និងធ្វើការផ្សព្វផ្សាយ ទៅឆ្នាំក្រោយៗទៀត ។
លោកស្រី ថន ថាវី អ្នកលក់ដូនៅជិតបរិវេណកម្សាន្តនេះ បានបញ្ជាក់ថា៖ បច្ចុប្បន្ន ប្រទេសកម្ពុជា មាន សុខសន្តិភាពពេញលេញ មានភ្ញៀវមកលេងមកកុះករ លក់ដូរទទួលបានប្រាក់ចំណូលច្រើនធ្វើឱ្យសប្បាយចិត្ត ។
លោកស្រីសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ នៅឆ្នាំ២០២៥ សូមរៀបចំឱ្យមានភាពអធឹអធមជាងនេះ ដើម្បី យើង បានអភិរក្សប្រពៃណីវប្បធម៌យើងផង ហើយប្រជាពលរដ្ឋយើងសប្បាយរីករាយផង ។
សូមបញ្ជាក់ថាឆ្នាំនេះវត្តមានភ្ញៀវទេសចរនិងប្រជាពលរដ្ឋជាង៣ម៉ឺននាក់ក្នុងសម្លៀកបំពាកចម្រុះពណ៌ បានរាំលេងកម្សាន្ត – លាបម្សៅ -បាញ់ទឹកបង្កើនភាពត្រជាក់ បានទប់ទល់ជាមួយបរិមាណកម្ដៅ ដែលជាសកម្មភាពបង្កើន ភាពសប្បាយរីករាយយ៉ាងក្រៃលែង៕
ប្រភព៖ ក្រសួងព័ត៌មាន