រយៈពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរដើរលេងជាង៦០ម៉ឺននាក់ ក្នុងនោះ «សង្ក្រាន្តត្បូងឃ្មុំ» មានជាង ៥០ម៉ឺននាក់

0

ត្បូងឃ្មុំ៖ រយៈពេល​០៤​ថ្ងៃ នៅ​ថ្ងៃ​ទី​១៣ ១៤ ១៥ និង​១៦ ខែមេសា ឆ្នាំ​២០២៤ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៧ នៅ​ទូ​ទាំង​ខេត្ត​ត្បូងឃ្មុំ មាន​ភ្ញៀវ​ទេសចរ ដើរ​លេង​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា សរុប​ចំនួន ៦២៥,៦៨០​នាក់​។

លោក អឿ​ន រិ​ទ្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ ឲ្យ​ដឹង​ទៀត​ថា​: ក្នុង​នោះ​នា​ថ្ងៃ​ទី​១៣ ខែមេសា មាន​ភ្ញៀវ​ទេសចរណ៍ សរុប​មាន​ចំនួន ១០០,៧៧០​នាក់ ថ្ងៃ​ទី​១៤ ខែមេសា មាន​ចំនួន ១២០,៥៣០​នាក់ ថ្ងៃ​ទី​១៥ ខែមេសា មាន​ចំនួន ១៥០,៨៣០​នាក់ និង​ថ្ងៃ​ទី​១៦ ខែមេសា មាន​ចំនួន​២៥៣,៥៥០​នាក់​។

ចំពោះ​តំបន់​ដែល​មាន​ពលរដ្ឋ​ទៅ​លេង​ច្រើន​ជាងគេ គឺ​នៅ​បុរី​រដ្ឋបាល​ទីរួមខេត្ត ដែល​រដ្ឋបាល​ខេត្ត​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ត្បូងឃ្មុំ​» រយៈពេល​៤​ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៥១២, ៣៦០​នាក់ ក្រោម​ការ​ដឹកនាំ​រៀបចំ​ដោយ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក​ជំទាវ ម៉េ​ង វ៉ា​ន់​ដា​នី​ន នៅ​រង្វង់​មូល​មុខ​សាលាខេត្ត​ត្បូងឃ្មុំ​។

សូម​ជម្រាប​ថា​: ព្រឹត្តិការណ៍ សង្ក្រាន្ត​ត្បូងឃ្មុំ ឆ្នាំ​នេះ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ទាញព្រ័ត្រ​, លាក់កន្សែង​, វាយក្អម​, ឡើង​សសរ​ខា្ល​ញ់​។ ជាមួយ​គ្នា​នេះ ក៏​មាន​រៀបចំ «​តំបន់​ត្រជាក់​» បាញ់​ទឹក និង​ប្រគុំ​តន្ត្រី​រាំ​លេង​កម្សាន្ត​សប្បាយ​។

បន្ថែម​ពី​នេះ មានកម្ម​វិធី​លេង​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​ទៀត ព្រមទាំង រៀបចំ​ស្តង់​ពិព័រណ៍ ការ​ប្រគុំ​តន្ត្រីសម័យ និង​ការ​បាញ់​កាំជ្រួច អម​ជាមួយ​ការ​តុបតែង​ភ្លើង​លម្អ​នា​ពេល​រាត្រី​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ​។

សូម​បញ្ជាក់​ថា​: រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​រៀបចំ <<​សង្ក្រាន្ត​ត្បូងឃ្មុំ​>> នៅ​ទីរួមខេត្ត រយៈពេល​៤​ថ្ងៃ គឺ​ថ្ងៃ​ទី​១៣ ដល់​១៦ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក៏​ដូច​ជា​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ជូន​ពលរដ្ឋ (​ក្រោម​ម្លប់​សុខ​សន្តិភាព​) ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

ប្រភព៖ AKP