បាត់ដំបង៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥ និង៤០នាទី នៅចំណុចក្រុមទី០១ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដបង មានករណីលួច (ម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វេីសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ភិន ស្រីស ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដបង ម៉ូតូម៉ាក HONDA CUB សេរីឆ្នាំ២០១៨ ពណ៌ស លាយ ទឹកក្រូច គ្មានស្លាកលេខ មិនបានដកកូនសោរ ដែលទុកក្នុងរោងចំការ ចំណុចខាងលើ ជិះយកទៅបាត់ ។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ នៅវេលាម៉ោង២៣និង៤៥នាទី ថ្ងៃដដែល បានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មួន សុភត្រ្តា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដបង មកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពបានលួចយកម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន ។ វត្ថុតាងដកហូតបានមាន៖ ម៉ូតូ ០១គ្រឿង ។
ករណីនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕