សាខា ក.ប.ប. រាជធានីភ្នំពេញរកឃើញទំនិញឈាមជ្រូក ដែលផលិតពីឈាមគោចំនួន ៥១គីឡូ

0

ភ្នំពេញ​៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៍​ខ្ពង់ខ្ពស់​ពី​លោក​ជំទាវ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ការ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក្នុង​ការ​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បាន​ចុះ​ត្រួតពិនិត្យ ណែនាំ និង​អប់រំ នៅ​ទីតាំង​ផលិត​ឈាម​ជ្រូក និង​សណ្តែកបណ្តុះ​ចំនួន ២​ទីតាំង ស្ថិត​នៅ​ភូមិ​១៧ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

May be an image of food

យោង​តាម​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ បាន​រក​ឃើញ​៖
-​ផលិតផល​ឈាម​ជ្រូក​ធ្វើ​អំពី​ឈាម​គោ ដែល​ជា​កម្មវត្ថុ​នៃ​ការ​ក្លែងបន្លំ​វត្ថុធាតុដើម បន្លំ​យ​ថា​ប្រភេទ​នៃ​ផលិតផល​ឈាម
-​សណ្តែកបណ្តុះ​មាន​ដាក់​បន្ថែម​សារធាតុ​គីមី
-​មិន​ស្រប​តាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​អនាម័យ​ម្ហូបអាហារ គុណភាព​សុវត្ថិភាព​ផ្នែក​អតិសុខុមប្រាណ​ជីវសាស្ត្រ ស្រប​តាម​បទ​ប្ប​ញ្ញាត្តិ​នៃ​ច្បាប់
-​ដូចនេះ មន្ត្រី​ជំនាញ បាន​ដកហូត​ផលិតផល​ឈាម ចំនួន​៥១​គីឡូក្រាម និង​សណ្តែកបណ្តុះ​ដែល​បន្ថែម​សារធាតុ​គីមី ចំនួន​២២​គីឡូក្រាម សរុប​ចំនួន ៧៣​គីឡូក្រាម​។

May be an image of text

ក្រោយ​ការ​ត្រួតពិនិត្យ និង​ការ​ពន្យល់​ណែនាំ​អំពី​ច្បាប់​ដល់​ម្ចាស់​ទីតាំង​ទាំង​២​ខាងលើ ម្ចាស់​ទីតាំង​បាន​យល់ព្រម​សហការ​ទទួល​ការ​ណែនាំ អប់រំ ពី​មន្ត្រី​ជំនាញ ដែល​បាន​ចុះ​មក​ត្រួតពិនិត្យ​ដោយ​ធ្វើ​កិច្ចសន្យា​កែតម្រូវ​ដូច​តទៅ​៖
– បញ្ឈប់​ការ​ដាក់​លាយ​សារធាតុ​បន្ថែម​(​សារធាតុ​គីមី​) លើ​ការ​ផលិត​សណ្តែកបណ្តុះ ឬ​មិន​បន្ត​ការ​ផលិត​សណ្តែកបណ្តុះ​ទៀត
– បញ្ឈប់​ការ​ផលិត ឈាម​ជ្រូក​ធ្វើ​ពី​ឈាម​គោ ដែល​ជា​កម្មវត្ថុ​នៃ​ការ​ក្លែងបន្លំ​វត្ថុធាតុដើម បន្លំ​ផលិតផល​ឈាម និង​មិន​ដាក់​លាយ​សារធាតុ​បន្ថែម​ណា ដែល​ច្បាប់​មិន​អនុញ្ញាតិ
– រៀបចំ​អនាម័យ ទុកដាក់​សម្ភារ វត្ថុធាតុដើម ឱ្យ​បាន​ល្អ
– ម្ចាស់​ទីតាំង​បាន​ស្នើ​សុំ​ការ​រៀបចំ​រយៈពេល​៣​ខែ​ដើម្បី​កែតម្រូវ​អនាម័យ​ទីតាំង​ឱ្យ​បាន​ល្អ និង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​ចុះ​ផ្ទៀងផ្ទាត់​ពី​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នេះ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

No photo description available.May be an image of text