ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការប្រើប្រាស់ម៉ាស៊ីនស្គេនមុខ និងកាតជូនដល់មន្ដ្រីរាជការ នៃទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ៤៦៨ នាក់។
យោងតាមរបាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពការងារដោយ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញថា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលបានកំណត់អាទិភាពគន្លឹះមួយ គឺបច្ចេកវិទ្យា ក្រុមការងារបរិវត្តកម្ម បានចាប់ផ្តើមបង្កើតនូវប្រព័ន្ធចាំបាច់មួយចំនួន ជាពិសេសការឈានដល់ការដាក់ឱ្យប្រើប្រាស់នូវម៉ាស៊ីនស្គេនសម្រាប់គ្រប់គ្រងវត្តមាន និងបានបញ្ចូលទិន្នន័យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាក់ថ្នាក់ ទីប្រឹក្សាក្រសួង ទីប្រឹក្សាបច្ចេកទេសគម្រោងនានា ទាំង ៨៦២រូប ទៅក្នុង SERVER របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាពេលនេះ ។
ក្នុងឱកាសនោះ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារបរិវត្តកម្មឌីជីថលក្រសួង ដែលបានរៀបចំដាក់ឱ្យដំណើរការម៉ាស៊ីនស្គេនមុខ និងកាតមន្ដ្រីរាជការដោយជោគជ័យ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ដថា ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្គេនមុខ និងកាតនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តច្បាប់សហលក្ខខន្ដិកៈមន្ដ្រីរាជការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងជាការបង្ហាញពីការពង្រឹងសមត្ថភាពស្ថាប័ន និងមន្ដ្រីរាជការ សម្រាប់លើកកម្ពស់ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាពការងារ និងធានាបាននូវតម្លាភាព ឱ្យឆ្លើយតបទៅយុទ្ធសាស្ដ្រស្នូលទី៤គឺ “ការពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកគុណភាពស្ថាប័ន” ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ដទៀតថា ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្គេនមុខ និងកាតនេះ គឺជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថល ដែលនឹងរួមចំណែកដល់ការគ្រប់គ្រងមន្ដ្រីរាជការតាមប្រព័ន្ធកុំព្យូទ័រ ក៏ដូចជាការលើកទឹកចិត្តដល់មន្ដ្រីរាជការដែលបានបំពេញការងារជាប្រចាំ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសំណូមពរដល់មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តការងារដោយគោរពតាមពេលវេលា និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងត្រូវចូលរួមក្នុងដំណើរការនៃការគ្រប់គ្រងមន្ដ្រីរាជការតាមប្រព័ន្ធឌីជីថល ដោយរាល់ការចេញចូលត្រូវស្គេនមុខ និងកាតឱ្យបានត្រឹមត្រូវ៕
ប្រភព៖ ក្រសួងព័ត៌មាន