ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយករង និងក្រុមការងារពាក់ព័ន្ធ។
ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំនេះគឺរៀបចំឡើង ដើម្បីរួមគ្នាពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ បន្ទាប់ពីក្រុមការងារបច្ចេកទេសបានពិភាក្សាផ្ទៃក្នុងជាច្រើនលើករួចមកហើយ។ ឯកឧត្តមបានបន្ថែមថា កិច្ចការងារនេះមានវិសាលភាពធំ ដូចនេះការរៀបចំសេចក្ដីព្រាងអនុវក្រឹត្យនេះគឺធ្វើឡើងដើម្បីឱ្យការប្រើប្រាស់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ មានការឯកភាពគ្នា និងផ្អែកតាមក្របខណ្ឌគតិយុត្តជាក់លាក់។
ឯកឧត្តម ប្រាក់ សំអឿន បានស្នើឱ្យអង្គប្រជុំរួមគ្នាពិនិត្យសេចក្ដីព្រាងអនុក្រឹត្យនេះឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនក្រុមការងារអន្តរក្រសួងចូលរួមពិនិត្យ និងផ្ដល់យោបល់៕
ប្រភព៖ ក្រសួងព័ត៌មាន