បាត់ដំបង៖ ប្រជាកសិករដែលប្រកបរបរដាំដំឡូងមីជាច្រើន បានធ្វើការផ្លាស់ប្តូររបៀបដាំដំឡូងមី ពីការដាំតាមបែបធ្មជាតិ មកដាំជាលក្ខណៈទំនើប របៀបដំណក់ទឹកវិញ ដែលរបៀបផ្លាស់ប្តូរវិធីដាំនេះ បានអនុវត្តន៍ឡើងពីប្រជាកសិករគំរូម្នាក់នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបានចាប់ផ្តើមដំបូងគេក្នុងចម្ការស្រុកភ្នំព្រឹក ក្រោយពីលោកបានប្រមូលផលដំឡូងមីរបស់លោក ប្រកបដោយទិន្នផលល្អ លើទំហំដី ២០ហិកតាកន្លងមក។
លោក ខ្លួត រិនដា ជាកសិករម្នាក់ដែលគេបានស្គាល់ថា ជាកសិករលេចធ្លោជាងគេក្នុងចំណោមកសិករជាច្រើននាក់នៅក្នុងស្រុកភ្នំព្រឹក ដោយលោកមានជំនាញទាំងការដាំដំណាំផ្សេងៗនិងបច្ចេកទេសចិញ្ចឹមសត្វ ។ លោកធ្លាប់បានទៅរៀនសូត្របច្ចេកទេសកសិកម្ម នៅប្រទេសថៃ ហើយបានចែករំលែកបទពិសោធន៍កសិកម្ម ដល់កសិករយើងតាមបណ្តាស្រុកជាច្រើន ក្នុងខេត្តបាត់ដំបង និងខេត្តផ្សេងទៀត ។
លោក រិនដា បានបញ្ជាក់ថា ការផ្លាស់ប្តូរវិធីដាំដំឡូងមី ពីដាំតាមបែបធម្មជាតិ មកជាការដាំបែបដំណក់ទឹកថ្មីនេះ លោកគ្រោងដាំតាំងពីឆ្នាំមុន ប៉ុន្តែពេលនោះស្របពេលលោកដាក់ដាំ ក៏មានភ្លៀងធ្លាក់តែម្តង ហើយក៏ខកខានក្នុងការដាំតាមបែបដំណក់ទឹក់ទឹកថ្មីនេះ ។ លោកថា ឆ្នាំនេះលោកចាប់ផ្តើមដាំតាមបែបដំណក់ទឹក ហើយក៏ស្របពេលលោកបានឃើញ ខាងក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសថា នឹងមានស្ថានភាពក្តៅខ្លាំងផងនៅឆ្នាំនេះ ។
លោក បានសិក្សាជាមួយអ្នកជំនាញកសិកម្ម នៃប្រទេសថៃ ហើយជាដំបូងលោកសាកល្បងដាំត្រឹម ១០ហិកតាប៉ុណ្ណោះ តែបានផលជិតស្មើ២០ហិកតាដែលគេដាំតាមបែបធម្មជាតិ ។ លោកបានផ្លាស់ប្តូរទីតាំងផ្សេង មិនប្រើទីតាំងធ្លាប់ដាំដំឡូងពីមុននោះទេ ។ ការដាំដំឡូងតាមបែបដំណក់ទឹកនេះ ត្រូវការដីដែលមានស្ថានភាពទួលខ្ពស់រាបស្មើល្អ មិនចោទ មិនខ្ពស់ពេក មិនទំនាបពេក ងាយស្រួលក្នុងការប្រើដំណក់ទឹក សម្រាប់ស្រោចស្រពពីលើទីខ្ពស់មកក្រោមទីទាប ។
កសិកររូបនេះបន្តថា ការដាំតាមបែបដំណក់ទឹកនេះ វាធ្វើឱ្យយើងចំណេញពេលថែទាំច្រើន បើទោះបីជំហានដំបូង យើងត្រូវចំណាយច្រើនបន្តិចទៅលើសម្ភារ ។ ប៉ុន្តែក៏វាបានហុចផលបានច្រើនទៅតាមពូជដំឡូង ដែលយើងជ្រើសរើស ហើយវិធីនេះកសិករ អាចទទួលបានប្រាក់ចំណូលជាមធ្យមចន្លោះពី៤ ០០០ ដល់៥ ០០០ដុល្លារអាម៉េរិកលើទំហំដី ១ហិកតា ។ លោកថា ប្រសិនបើដំឡូងមីមានទីផ្សារល្អដូចឆ្នាំនេះ គឺអាចបានចំណូលលើសពីនេះទៀត ។ លោកបន្តថា វិធីដាំតាមបែបដំណក់ទឹកនេះ លោកក៏បានណែនាំដល់មិត្តភ័ក្តិរបស់លោក និងកសិករផ្សេងទៀតអនុវត្តន៍ដាំផងដែរ ហើយក្នុងការដាំនេះ មិនសូវជាប្រើជីច្រើនពេកទេ ក្នុងនោះយើងអាចប្រើប្រាស់ជីបំប៉នមើម តាមទុយោបង្ហូរទឹកបានដោយងាយ មិនពិបាកដើរស្រោចតាមគល់ដំឡូងនោះទេ ។
លោក រិនដា បានបន្ថែមថា វិធីដាក់ជីតាមទុយោទឹក ធ្វើឱ្យមើមដំឡូងឆាប់ធំ ហើយផ្ទុកម្សៅច្រើន ទិន្នផលក៏ខ្ពស់ ។ ចំណែកឧបករណ៍ដូចជាម៉ូទ័រ, ទុយោ,ក្បាលស្រោច គឺអាចប្រើប្រាស់បានយូរឆ្នាំប្រសិនបើយើងចេះថែទាំវាបានល្អ ។លោកបន្តថា នៅប្រទេសថៃ កសិករដែលដាំដោយប្រើវិធីខាងលើនេះ គេទទួលបានជោគជ័យខ្លាំងណាស់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ ទើបលោកសម្រេចចិត្តអនុវត្តន៍តាមរយៈបច្ចេកទេស ដែលលោកបានរៀនសូត្រពីប្រទេសថៃ។ លោកចង់ឱ្យកសិករខ្មែរយើងមានសេដ្ឋកិច្ចគ្រួសារល្អ តាមរយៈការងារកសិកម្ម ដែលមានប្រសិទ្ធភាពខ្ពស់ ហើយលោករីករាយក្នុងការចែករំលែកបច្ចេកទេស និងបទពិសោធន៍ដែលលោកចេះនោះ ដល់កសិករផ្សេងៗទៀតដែលចង់ចេះ ៕
ប្រភព៖ AKP