គិតត្រឹម ២ខែដំបូង ដើមឆ្នាំ២០២៤ រមណីយដ្ឋានអង្គរទទួលបានចំណូលសរុបជាង ១១,២លានដុល្លារ

0

សៀមរាប៖ រមណីយដ្ឋានអង្គរទទួលបានចំណូលជាង ១១,២លានដុល្លារ ពីការលក់បណ្ណ ចូល ទស្សនាអង្គរ គិតត្រឹមពីរខែដំបូងដើមឆ្នាំ២០២៤ កើនឡើងប្រមាណជា ៥២,០៩ភាគរយ ធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ២ខែ ឆ្នាំ២០២៤ នេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវសរុប ២៣៥ ៨៥០នាក់ ដែលរកចំណូល បានជាង ១១,២លានដុល្លារ។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ សម្រេចបានជាង ១២ម៉ឺននាក់ ដែលរកប្រាក់ចំណូលបាន ៥,៧លានដុល្លារ កើនឡើង ៥៣,២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារអាម៉េរិក។

ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកចំណូល បានជាង ២៩ម៉ឺនដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។

គួរបញ្ជាក់ផងដែរថា ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល ២ខែ ក្នុងឆ្នាំ២០២៤នេះ មានចំនួនសរុប ៤៧ម៉ឺនដុល្លារ៕

ប្រភព៖ AKP