ឯកឧត្តម ទៀ សីហា ទទួលជួប ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ប្រចាំនៅកម្ពុជា

0

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍  ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលចុងសប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ ឯកឧត្តម ម៉ាកទីន វាវរ៉ា (MARTIN VAVRA) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក  ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងជំនួសមុខឱ្យរដ្ឋាភិបាល ពិសេសក្រសួងការពារជាតិ នៃសាធា រណរដ្ឋឆេក សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងការពារជាតិកម្ពុជា ដែលបាន អនុញាតិឱ្យឯកឧត្តមបានចូលជួបសម្ដែងការគួរសម ដើម្បីបានពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរឆេកនិងកម្ពុជា ឱ្យកាន់តែមាន ភាពជិតស្និទ្ធ ។

ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង ឆេក គឺបានរក្សាតាំងពីយូរ ណាស់មកហើយ គឺតាំងពីសម័យប្រទេសឆេកូស្លូវ៉ាគី មកម៉្លេះ ។ ទោះបីបច្ចុប្បន្នសាធារណរដ្ឋឆេក  បានបែកចេញពីគ្នាក៏ដោយ ក៏ទំនាក់ទំនងរបស់យើងនូវតែរក្សាបានល្អជានិច្ច ។ ឯកឧត្តម ម៉ាកទីន វាវរ៉ា បានបញ្ជាក់ថា កន្លងមកសាធារណរដ្ឋឆេក បានធ្វើការផ្តល់ជាជំនួយមនុស្សធម៌មួយចំនួន មកជូន ប្រទេសកម្ពុជា ។  ដោយ ឡែកចំពោះទំនាក់ទំនងទ្វេភាគី រវាងកងទ័ពនៃប្រទេសយើងទាំងពីរកន្លង មក គឺនៅរក្សាបានភាពជិតស្និទ្ធនឹងគ្នាទៅវិញទៅមកកាន់តែរឹងមាំ ពិសេសក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្ម យោធា ។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខក្រសួងការពារជាតិទាំង២ កម្ពុជា និងឆេក នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែល្អ ដើម្បីរឹតចំណងសាមគ្គីភាព មិត្ត ភាពទៅវិញទៅមក  ។

 

មានប្រសាសន៍តបក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអបអរសារទរចំពោះជោគជ័យដែល ឯកឧត្តម ម៉ាកទីន វាវរ៉ា បានមកបំពេញភារកិច្ចជាឯកអគ្គរដ្ឋទូត សាធា រណរដ្ឋឆេក ប្រចាំព្រះ រាជាណាចក្រកម្ពុជា ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តថា រវាងកងទ័ព យើងទាំង២ កម្ពុជានិងឆេក ធ្លាប់មានប្រវត្តិទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាំងពីយូរណាស់មកហើយ គឺតាំងពីសម័យនៅជាប្រទេសឆេកូស្លូវ៉ាគី ។ ទោះបីសាធារណរដ្ឋឆេក បានបែក ចេញពីគ្នាក៏ដោយ ក៏យើងនៅតែបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែប្រសើរឡើង ថែមទៀតផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ឱ្យបានដឹងដែរថា ក្នុង រយៈពេលកន្លងមកប៉ុន្មានថ្ងៃនេះ ប្រមុខរាជរដ្ឋភិបាលកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃបណ្តាប្រទេស អាស៊ាន និងអាស៊ានបូកជាច្រើនទៀត ហើយកម្ពុជានឹងមានព្រឹត្តិការណ៍ធំៗជាច្រើន  ដែលកំពុងត្រៀមនឹងអនុវត្តន៍នាពេលខាងមុខ ។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខក្រសួងការពារ ជាតិទាំង២ កម្ពុជានិងឆេក នឹងមានអនុស្សរណៈ កិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែល្អ ក្នុងការរឹត ចំណងសាមគ្គីភាព មិត្តភាព ទៅវិញទៅមកឱ្យកាន់តែរឹងមាំថែមទៀត ៕

ប្រភព៖ AKP