សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី

0

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរ រីឯប្រជាជនជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និង​ការពារនាព្រឹកថ្ងៃទី៨  ខែធ្នូ  ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកទើ្បងថា កន្លងមក មានសំណួរ «រវាងប្រាសាទអង្គរ និងប្រជាជន ដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ, តើរាជរាដ្ឋាភិបាលជ្រើសរើសយកមួយណា?» ជាចម្លើយ, រាជរដ្ឋាភិបាលពុំចាំបាច់ត្រូវធ្វើការជ្រើសរើសយកមួយណានោះទេ គឺយកទាំងពីរ ព្រោះថា៖ អង្គរជាព្រលឹង, ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង ។ ចំពោះប្រជាជន គឺជាអាយុជីវិតជាតិ  ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និង​ ការពារផលប្រយោជន៍​ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប, គ្រប់ក្រុមគ្រួសារ, គ្រប់និន្នាការនយោបាយ, និងជំនឿសាសនា ដោយមិនរើសអើងពណ៌សម្បុរ ។ បើមិនមានប្រជាជន គឺមិនមានប្រជាជាតិដ៏ឧត្តុង្គឧត្តមភរបស់យើងនោះទេ ។

 

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ សម្តេធិបតី បានធ្វើការអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ចំពោះការចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងថែរក្សាអភិរក្សប្រាសាទបុរាណដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា តាមគោលនយោបាយលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវសេវាសាធារណៈគ្រប់គ្រាន់ និង កម្មសិទ្ធិដីធ្លីស្របច្បាប់ ព្រមទាំងទទួលបាននូវជីវភាពដ៏ប្រសើរសម្រាប់ក្រុមគ្រួសារ ។ ទន្ទឹមនេះ សម្តេច ក៏​បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តី​រាជការ​គ្រប់​ជាន់​ថ្នាក់នៃក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងប្រកបដោយការលះបង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង បានសមស្របសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីនៅតំបន់ទាំងពីរនេះ ។

លើសពីនេះ សម្តេចមហាបវរធិបតី ក៏បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធយក​ទៅបន្តអនុវត្ត មានដូចជា៖ (១) បន្តសហការឱ្យបានល្អ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាសង្គម​ចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង ឱ្យក្លាយជា «បុរីជនបទ» គំរូសម្រាប់ការរៀបចំភូមិឋាន ដែលផ្តោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកម្ពស់ជីវភាពឱ្យបានសមរម្យ បរិស្ថានរស់នៅស្អាត និងសេវាសាធារណៈគ្រប់គ្រាន់។ (២) បន្តរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី សម្រាប់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីប្រើប្រាស់ធនធានដីធ្លីឱ្យអស់សក្តានុពលស្របតាមប្រភេទដី សម្រាប់តភ្ជាប់ជារបៀងសេដ្ឋកិច្ចរវាងទីប្រជុំជន និងជនបទ ។ (៣) ជួយ​ជំរុញការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដែលមានតម្រូវការក្នុងមូលដ្ឋាន​ដល់ប្រជាពលរដ្ឋ ដើម្បីទាញយកផលប្រយោជន៍​ជា​អតិបរមា​ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍវិស័យ ដែលកំពុងងើបឡើងនៅមូលដ្ឋាន, វិស័យ​ទេសចរណ៍ និង វិស័យ​ពាក់ព័ន្ធដទៃទៀត ។ (៤) បន្តសម្របសម្រួលដល់ប្រជាជន ដែលត្រូវចូលមកតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍ទាំងពីរនេះឱ្យបានឆាប់ និងល្អប្រសើរ ហើយត្រូវការពារឱ្យបានដាច់ខាតនូវការចូលទៅទន្ទ្រានកាន់កាប់ និងតាំងទីលំនៅ ក្នុងតំបន់ឧទ្យានអង្គរ ។

សូមបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ១៩៩១ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានស្នើដល់សហគមន៍អន្តរជាតិឱ្យជួយស្តារ និងអភិរក្សតំបន់អង្គរ ។ ឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ, អង្គការយូណេស្កូបានបញ្ជូនក្រុមការងារជំនាញជាបន្តបន្ទាប់មកកម្ពុជា ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពពិតជាក់ស្តែងរបស់អង្គរ និងបានសម្រេចដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលប្រឈមនឹងគ្រោះថ្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។ បន្ទាប់មក, យន្តការ ICC-Angkor ត្រូវបានបង្កើតឡើង ហើយរាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាងស្និទ្ធជាមួយបណ្តាប្រទេសមួយចំនួន ក្នុងការរៀបចំអនុវត្តគម្រោងជួសជុលប្រាសាទមួយចំនួនជាបន្ទាន់ និងជាបន្តបន្ទាប់ ដើម្បីធ្វើការអភិរក្ស និងរក្សានិរន្តភាពនៃប្រាសាទ ឱ្យនៅឈរត្រដែតបង្ហាញនូវភាពអស្ចារ្យនៃស្នាដៃបុព្វបុរសខ្មែរ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មាធិការអាយស៊ីស៊ីអង្គរ (ICC-Angkor), រមណីយដ្ឋានអង្គរត្រូវបានស្រោចស្រង់ឱ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់ និងត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់នៅខែកក្កដាឆ្នាំ២០០៤, ហើយបន្ទាប់មក ឧទ្យានអង្គរត្រូវបានចារឹកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មកដល់ពេលនេះ៕

ប្រភព៖ AKP