សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអះអាងថា ការផ្លាស់ប្ដូរទីលំនៅពលរដ្ឋពីក្នុងតំបន់អភិរក្សអង្គរគឺមិនមែនដើម្បីយកដីលក់ទេ។
សម្តេចធិបតីថ្លែងក្នុងពិធីសំណេះសំណា លជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់រុនតាឯកនិងពាក់ស្នែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចធិបតីថ្លែងអះអាងថា ការផ្លាស់ប្ដូរទីលំនៅពលរដ្ឋពីក្នុងតំបន់អង្គរគឺមិនមែនដើម្បីយកដីលក់ឱ្យក្រុមហ៊ុនឯកជនទេតែដើម្បីជាការគិតគូរដល់ប្រយោជន៍រួមសម្រាប់ជាតិនិងប្រជាពលរដ្ឋ។
សម្ដេចធិបតីបានបន្តថា ប្រសិនបើប្រជាពលរដ្ឋគិតថាសម្ដេចតេជោមានគំនិតទុច្ចរិតក្នុងគោលបំណងឱ្យប្រជាពលរដ្ឋចេញពីតំបន់អង្គរដើម្បីយកដីរបស់ពួកគាត់ទៅឱ្យក្រុមហ៊ុនវិនិយោគនោះ ប្រហែលជាប្រជាពលរដ្ឋមិនស្ម័គ្រចិត្តមកទីតាំងថ្មីនេះឡើយ។
សម្តេចធិបតីបានបន្តថា សម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលក៏មិនធ្វើបែបនេះដែរ ដោយពេញមួយជីវិតរបស់សម្ដេចតេជោគឺតស៊ូដើម្បីប្រជាជន តស៊ូដើម្បីការពារជាតិ ការពារសម្បត្តិវប្បធម៌ជាតិ ដែលមិនអាចសម្ដេចទៅបំផ្លាញការខិតខំរបស់សម្ដេចនោះទេ។
សម្តេចធិបតីបានមានប្រសាសន៍ថា នៅក្នុងរយៈពេលជាង ៤០ ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសគឺប្រហែលមិនមានកន្លែងច្រើនដូចតំបន់រុនតាឯកនេះទេ ដែលសម្តេចតេជោអញ្ជើញមកពោលគឺក្នុងរយៈពេលប៉ុន្មានខែជាប់ៗគ្នា សម្តេចតេជោអញ្ជើញមកតំបន់រុនតាឯកនេះចំនួន ៤ដងនេះជាមូលហេតុដែលសម្តេចតេជោបង្ហាញពីការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ៗ ក្នុងការដោះស្រាយបញ្ហាការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ៕
ប្រភព៖ AKP