កំពង់ធំ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត បានរៀបចំ “វេទិកាស្វាយចន្ទី” នៅក្នុងខេត្តកំពង់ធំ ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា” នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះ។
វេទិកានេះផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ដាក់តាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ ការផ្គូរផ្គងធុរកិច្ច និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។

វេទិកានេះត្រូវបានប្រារព្ធធ្វើឡើង ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ GIZ ក្រោមអធិបតីភាពថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គណៈអភិបាលខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី សរុបប្រមាណ ៤៥០នាក់។

វេទិការនះ ជាព្រឹត្តិការណ៍លើកទី១ និងជាប្រវត្តិសាស្រ្ត ជួយជំរុញផ្សព្វផ្សាយឱ្យសាធារណជន អាជីវករ ពាណិជ្ជករ អ្នកធុរកិច្ច ទាំងក្នុងស្រុក និងនៅក្រៅស្រុកបានយល់ដឹងជ្រួតជ្រាបកាន់តែច្បាស់អំពីសក្តានុពល និងកាលានុវត្តភាពស្វាយចន្ទីកម្ពុជា និងដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃផលិតផលស្វាយចន្ទី សំដៅបង្កើនតម្លៃបន្ថែមលើខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីសម្រាប់បម្រើទីផ្សារក្នុងស្រុក ក្នុងតំបន់ និងពិភពលោក បង្កើតការងារជូនប្រជាពលរដ្ឋ និងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានដាក់គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ៕
ប្រភព៖ AKP