ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ២០២៣នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់ នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំ និងបង្ហាញចក្ខុវិស័យនៃការរួមចំណែតរបស់ក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ដែលជាយន្តការ ពហុគំនិតក្រៅរដ្ឋសភា ក្នុងការលើកស្ទួយប្រជាធិបតេយ្យ សេរីពហុបក្ស។
បើយោងតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់ យោបល់ ក្នុងកិច្ចប្រជុំនេះប្រធានប្រតិភូគណបក្សនិមួយៗមានពេលវេលា៥ នាទីដើម្បីឡើងថ្លែងមតិរបស់ខ្លួន។ បន្ទាប់មកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបិទអង្គប្រជុំ។ កម្មវិធីនេះក៏មានការពិសាភោជនាហារសាមគ្គីផងដែរ។ ចុងក្រោយ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ធ្វើសន្និសីទកាសែត ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ អាណត្តិថ្មីនេះមានគណបក្សចូលរួមចំនួន២៩ គណបក្សរួមទាំងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនៅក្នុងសភាផងដែរ ។ ក្រៅពីនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ប្រមូលផ្តុំដោយគណបក្សមិនមានអាសនៈក្នុងរដ្ឋសភា។
កាលពីថ្ងៃទី២៦ខែសីហាកន្លងទៅព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខលើព្រះរាជក្រឹត្យមួយដោយនៅចំណុចមាត្រា១បញ្ជាក់ថាព្រះរាជក្រឹត្យនេះមានគោលដៅបង្កើតនិងកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ។
ជាការកត់សម្គាល់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅក្នុងអាណត្តិថ្មីនេះមិនត្រឹមតែបើកផ្លូវឲ្យសម្រាប់តែគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតហើយមិនបានឈ្នះអាសនៈរដ្ឋសភាដូចអាណត្តិមុននោះទេគឺស្ថាប័នមួយនេះទទួលទាំងគណបក្សដែលមិនបានចូលរួមបោះឆ្នោតទាំងអស់ផងដែរ ឲ្យតែបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។រីឯថវិកាសម្រាប់ចំណាយទៅលើឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់វិញក៏បានបញ្ជាក់នៅក្នុងព្រះរាជក្រឹត្យដែរថា ត្រូវបានផ្គត់ផ្គង់ ដោយកញ្ចប់ថវិកាជាតិ ក្នុងខ្ទង់ថវិការបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
សូមរម្លឹកថាឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតជាតិនីតិកាលទី៦ នៅឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន ។ ក្នុងនីតិកាលទី៦ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលទទួលបានអាសនៈក្នុងរដ្ឋសភា ។ អំឡុងនីតិកាលទី៦នេះមិនមានពហុបក្សក្នុងរដ្ឋសភា ឡើយ។ ទើបមានការបង្កើតឡើងនូវឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។
គណបក្សនីមួយៗមានតំណាង២រូបដែលធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ តំណាងទាំង២រូបនៃគណបក្សនីមួយៗ ជាទូទៅ ជាប្រធានគណបក្ស និងជាអនុប្រធានគណបក្ស។ ពេលចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ប្រធានគណបក្ស មានឋានៈស្មើទេសរដ្ឋមន្រ្តីហើយអនុប្រធានគណ បក្ស មានឋានៈស្មើរដ្ឋមន្រ្តី ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីម្តងនៅរៀងរាល់៦ខែ។
សូមរម្លឹកថា គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានប្រមាណជាង ៤០ គណបក្សក្នុងនោះ ១៨គណបក្សបានចូលរួមបោះឆ្នោតជាតិឆ្នាំ២០២៣នេះ ខណៈគណបក្សភ្លើងទៀនត្រូវបានផាត់ចេញពីការបោះឆ្នោតដោយសារខ្វះឯកសារច្បាប់ដើម។ ការបោះឆ្នោតជាតិនីតិកាលទី៧ឆ្នាំ២០២៣នេះ គណបក្សប្រជាជន កម្ពុជាទទួលបានអាសនៈ១២០ក្នុងរដ្ឋសភាហើយអាសនៈនៅសល់៥ទៀតបានទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។ សម្រាប់នីតិកាលពី៧នេះពហុបក្សមាននៅក្នុងរដ្ឋសភា ផងហើយនិងមានក្នុងរាជរដ្ឋាភិបាលផងដែរ ៕
ប្រភព៖ AKP