ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងពីវិធានការហេដ្ឋារចនាសម្ព័ន្ធដែលជាដំណោះស្រាយកាត់បន្ថយទឹកជំនន់ចំនួន៣ ដែលរួមមាន ទី មូយ គឺការបន្តអភិវឌ្ឍន៍អាងស្តុកទឹកនៅផ្នែកខាងលើ ទីពីរ គឺការបន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់នៅផ្នែកខាងកណ្តាល និងទីបី គឹការបន្តស្តារ និងកសាង ហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់នៅផ្នែកខាងក្រោម រួមជាមួយវិធានការមិនមែនហេដ្ឋារចនាសម្ព័ន្ធ ធ្វើការពិភាក្សា និងទទួលយកនូវអនុសាសន៍ពីស្ថាប័នពាក់ព័ន្ធនានា។

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានលើកឡើងបែបនេះ ក្នុងអំឡុងពេលដែលឯកឧត្តមអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាពីយន្តការដោះស្រាយបញ្ហាទឹកជំនន់ និងកំណត់តំបន់អាទិភាពដោះស្រាយ ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះ។
កិច្ចប្រជុំអន្តរក្រសួងនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីយន្តការដោះស្រាយបញ្ហាទឹកជំនន់នៅទូទាំងប្រទេស ការកំណត់តំបន់អាទិភាពដោះស្រាយ និងយន្តការដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានជម្រាប ដល់អង្គប្រជុំអំពីស្ថានភាពទូទៅនៃជំនន់ក្នុងក្របខណ្ឌទូទាំង ប្រទេសនាឆ្នាំកន្លងមក និងជំនន់ក្នុងឆ្នាំ២០២៣ ដែលបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធទឹក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងរាំងស្ទះដល់សកម្មភាពសេដ្ឋកិច្ច ព្រមទាំងជម្រាបអំពីស្ថានភាពទូទៅនៃជំនន់ស្ទឹងព្រែកត្នោត រួមជាមួយវិធានការចំពោះមុខដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ផងដែរ។
ពាក់ព័ន្ធនឹងការកំណត់តំបន់ជន់លិចក្នុងអាងស្ទឹង និងទន្លេ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយនៅក្នុងនោះ ទីមួយ គឺតំបន់ជំនន់លិចទឹកជាប្រចាំ ទីពីរ គឺតំបន់លិចទឹកហើយ និងស្រកទៅវិញ និងទីបី គឺតំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានកំណត់តំបន់លិចទឹកក្នុងអាងស្ទឹងព្រែកត្នោត ដើម្បីកាត់បន្ថយការលិចលង់ ដែលបង្កឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សកម្មភាព សេដ្ឋកិច្ច និងអាយុជីវិតប្រជាពលរដ្ឋ តាមបណ្ដាខេត្តមួយចំនួន ដែលរួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងភាគខាងត្បូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ស្ទឹងព្រែកត្នោតដែលមានប្រភពទឹកពីភ្នំខ្នងផ្សាក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មានផ្លូវទឹកធម្មជាតិប្រវែង ២៣២គីឡូម៉ែត្រ គ្របដណ្តប់លើខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ភ្ជាប់ជាមួយដៃស្ទឹងសំខាន់ៗមួយចំនួន ដូចជាស្ទឹងតាសាល ស្ទឹងតាំងក្រាំង ស្ទឹងអារ៉ែង ស្ទឹងឃ្លៀច ស្ទឹងស្វាហាប់ ស្ទឹងស្រែខ្លុង និងអូរក្រាំងអំបិល និងមានអាងស្តុកទឹកមេចំនួន ៦កន្លែង គឺទំនប់អាងទឹកតាសាល អាងទឹកអូរកូនត្រុំ អាងទឹកពាមល្វា អាងទឹកអូរតោង អាងទឹកចាន់ថ្នាល និងអាងទឹកអូរស្យា៕

កិច្ចប្រជុំនោះ ក៏មានការចូលពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងនីមួយៗផងដែរ៕
ប្រភព៖ AKP