ភ្នំពេញ៖ ឯកឧត្តម Takahashi Fumiaki បានថ្លែងថា សមាគមជប៉ុន-កម្ពុជា នឹងបើកការិយា ល័យនៅកម្ពុជានៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ទំនាក់ទំនង រវាង ក្រុមហ៊ុនជប៉ុននៅកម្ពុជា និងសមាជិកនៅប្រទេសជប៉ុន។
នេះជាការលើករបស់ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ខណៈដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តម ជា វ៉ាន់ដេត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Takahashi Fumiaki និងគណៈប្រតិភូ និងបានជម្រាប ជូនអំពីការងារ អាទិភាពរបស់ ក្រសួងដែលរួមមាន៖ ១. ការលើកកម្ពស់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិត តាមរយៈការ សាងសង់ បង្គោលអង់តែនបន្ថែម, ២. ការលើកកម្ពស់រដ្ឋាភិបាលឌីជីថល នៅតាមគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល, ៣. ការលើកកម្ពស់ អក្ខរកម្មឌីជីថលទៅ ដល់អ្នកប្រើប្រាស់ និងអភិវឌ្ឍន៍ធនធានមនុស្សជំនាញឌីជីថលនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម Takahashi Fumiaki បានថ្លែងអំណរគុណ ចំពោះឯកឧត្តម រដ្ឋមន្ត្រី ដែលបានទទួលជួបប្រជុំជាមួយ គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា។ ឯកឧត្តម Takahashi Fumiaki ក៏បានជម្រាបជូនពីឯកទេសពិសេសរបស់ ក្រុមហ៊ុនជប៉ុនពាក់ ព័ន្ធនឹងការ ផ្តល់សេវាទៅកាន់អ្នកប្រើប្រាស់ ដែលក្នុងនោះមាន សមាជិករបស់សមាគមដែលជា ក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធី ផ្តល់ព័ត៌មានតំបន់ ដើម្បីជំរុញ កំណើនទេសចរណ៍ និងទាក់ទាញការវិនិយោគ ព្រមទាំងក្រុមហ៊ុនដែល មានបច្ចេកវិទ្យាថ្មី សាងសង់ផ្លូវថ្នល់ដោយប្រើដីលាយបេតុង ដោយកាត់បន្ថយចំណាយប្រហែល៦០ភាគរយ បើធៀបនឹងផ្លូវបេតុង សុទ្ធ។
ជាមួយគ្នានោះ ឯកឧត្តម ជា វ៉ាន់ដេត មានសេចក្តីសោមនស្សរីករាយ និងគាំទ្រចំពោះ ការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ ឯកឧត្តម បានបង្ហាញនូវចំណាប់ អារម្មណ៍ លើការសាងសង់ផ្លូវដោយបច្ចេកវិទ្យាថ្មី និងចុះពិនិត្យការសាងសង់ ផ្លូវគំរូនៅខេត្តតាកែវ ដែលបាននិងកំពុងសាងសង់ ដើម្បីជាប្រយោជន៍ជូនដល់ ប្រជាពលរដ្ឋមូលដ្ឋាន។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមហ៊ុនជប៉ុនផ្នែកបច្ចេកវិទ្យា ឱ្យសិក្សាបង្កើតកិច្ចសហការជាមួយសាកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា លើការបណ្តុះ បណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ឬក្រុមហ៊ុនអាចបើកសាលាបណ្តុះបណ្តាលខ្លួនឯង ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងគាំទ្រ ដើម្បីអាចមានលទ្ធភាព ទទួលបានជំនាញខ្ពស់ អាចធ្វើការនៅប្រទេសជប៉ុន និងចូលរួមជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់សមាគមជួយជំរុញ និងទាក់ទាញក្រុម ហ៊ុនបច្ចេកវិទ្យាជប៉ុនមកបោះទុនវិនិយោគនៅកម្ពុជា៕
ប្រភព៖ AKP