ភ្នំពេញ៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក រដ្ឋបាល រាជធានីភ្នំពេញ បានត្រៀមកម្លាំង ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកចំនួន០៣ថ្ងៃ ខាងមុខាងនេះ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុង កិច្ចប្រជុំត្រៀមលក្ខណៈ ពិធីបុណ្យអុំទូក ដោយការចូលរួមពីស្នងការដ្ឋានរាជធានី, ទីបញ្ជា ការដ្ឋានកងររាជអាវុធហត្ថរាជធានី, អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះឱ្យ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំនេះ ឯកឧត្តមស្នើឱ្យកម្លាំងពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកលេងពិធីបុណ្យនេះ ដោយពិនិត្យអាវុធជាតិផ្ទុះចាប់ពីយប់នេះតទៅ និងដាក់វេនប្រចាំបញ្ជាឱ្យបានច្បាស់លាស់។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ស្នើអាជ្ញាធរខណ្ឌយកចិត្តទុក ដាក់ចំពោះទីតាំងសប្បាយភាព ពិសេសបៀកាឌិនដែលរំខានដល់ដំណេកប្រជាពលរដ្ឋ។ ក្នុងនាមអាជ្ញាធរជាម៉ែជាឪប្រជាពលរដ្ឋ ត្រូវថ្លឹងថ្លែងទាំងសងខាង។ អ្នកបើក បៀកាឌិនបានធ្វើឱ្យចំណេញដល់ជាតិ តាមរយៈការផ្តល់ជូនការងារជូនប្រជាពលរដ្ឋបានធ្វើ តែបើរំខានប្រជាពលរដ្ឋនៅតំបន់នោះយើងក៏មិនអាចទទួលយកបានដែរ។
ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យ អាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ ចោរឆក់ប្លន់ ឱ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យនៅតាមដានបាបារាំង ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។ ឯកឧត្ដមក៏បានស្នើឱ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ នេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យល្អជាប្រចាំ ។
ក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំជាគណៈកម្មការមួយរួចរាល់ ហើយគណៈកម្មការនេះយើងក៏បានរៀបចំបន្សីចូលគ្នារួចហើយដែរ ជាមួយកម្លាំងកងអង្គរ័ក្ស និង អគ្គស្នងការនគរបាលជាតិ សំដៅធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
ឯកឧត្ដម ឃួង ស្រេង បានស្នើឱ្យសហការគ្នាជាប្រព័ន្ធលើបញ្ហាចរាចរណ៍ ទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងកម្លាំងសមត្ថកិច្ចប៉ូលិស ដើម្បីកាត់បន្ថយការការស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីជូនដំណឹងពីទីកន្លែងសប្បាយ កន្លែងប្រគំតន្ត្រី ដើម្បីឱ្យ ប្រជាពលរដ្ឋបានជ្រាបជាមុន ហើយពួកគាត់សម្រេចទៅទស្សនានៅទីតាំងណាមួយ។
ឯកឧត្ដមបានជំរុញឱ្យអាជ្ញាធរខណ្ឌ មានវិធានការចាប់កំប្លោកនៅតាមដងទន្លេសាប។ សម្រាប់អាជ្ញាធរខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌដូនពេញ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឱ្យកំប្លោកនេះរំខានដល់ការប្រណាំងទូក និង ត្រូវគិតគូរឱ្យបានហ្មត់ចត់បំផុត ចំពោះការប្រមូល ទុកដាក់សំរាម និងសំណល់រឹង នៅក្នុងពិធីនេះ។ ចំពោះការតុបតែងកែលម្អក្នុងរាជធានីភ្នំពេញ សម្រេចបានជាង ៩០ភាគរយ ហើយ ក្នុងនោះត្រៀមកម្លាំងតុបតែងភ្លើង ត្រៀមកម្លាំងបោសសម្អាតជាង៣០០នាក់ ដោយ ចាប់ពីម៉ោង ១១យប់ ដល់ម៉ោង៦ព្រឹក បានរៀបចំបន្ទប់ទឹក បង្គន់អនាម័យ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈ និងសម្រាប់កីឡាករ។
តាមគម្រោង ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានទូក ង ចូលរួមប្រណាំងប្រមាណ ជាង៣០០ទូក ក្នុងនោះរាជធានីភ្នំពេញមានប្រមាណជាង៤០ទូក មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់ និងមានប្រទីបចូលរួមប្រមាណជាង៣០ប្រទីប។ ចំពោះទីតាំង សម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា០២ទីតាំង គឺនៅអតីត ឃ្លាំងសាំងក្នុងខណ្ឌឫស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍ OCIC ខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វារ ហើយទីតាំងទាំង២នេះ នឹងការរៀបចំ បណ្តាញទឹក ភ្លើង និងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕
ប្រភព៖ AKP