ខេត្តបន្ទាយមានជ័យត្រូវបានកំណត់ឱ្យដាំដុះស្រូវប្រាំងត្រឹមតែ ២ម៉ឺនហិកតា

0

បន្ទាយមានជ័យ៖ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុនរ៉ុម បានឱ្យដឹងនៅរសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៣ថា យោងទៅតាមស្ថានភាពទឹក និងស្ថានភាពធាតុអាកាសនៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ ការដាំដុះស្រូវប្រាំងនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកំណត់ឱ្យធ្វើត្រឹមតែ ២ម៉ឺនហិកតាប៉ុណ្ណោះ ដើម្បីធានាការរក្សាទឹកទុកប្រើប្រាស់មិនឱ្យខ្វះខាតនោះ ។

​លោក យឹម ប៊ុនរ៉ុម បានឱ្យដឹងដែរថា ក្នុងផែនការកំណត់ ២ម៉ឺនហិកតានេះ ដែលក្នុងនោះចំនួន១ម៉ឺនហិកតា មាននៅក្រោមតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុកដែលមានទឹកពេញប្រមាណជា១៧០លានម៉ែត្រគុប ហើយពេលនេះប្រជាកសិករបាននិងកំពុងចាប់ផ្តើមភ្ជួររាស់ដើម្បីសាបព្រោះស្រូវប្រាំងលើកទី១ បន្ទាប់ពីច្រូតកាត់ស្រូវដែលបានធ្វើ នៅក្នុងរដូវវស្សារួច ។

​លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងដែរថា អាងត្រពាំងថ្មនៅពេលនេះ រក្សាទឹកទុកបានប្រមាណជា ១៧០លានម៉ែត្រគុបសម្រាប់ស្រោចស្រពដំណាំស្រូវប្រាំងឆ្នាំ២០២៣-២០២៤ និងទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដោយពេលនេះទ្វារទឹកទាំងអស់ ត្រូវបានបិទទាំងស្រុង ។ ពេលនេះមិនទាន់តម្រូវការប្រើប្រាស់ទឹកនៅឡើយទេ កសិករទើបបានច្រូតកាត់រួច ខ្លះចាប់ផ្តើមភ្ជួររាស់ដោយបូមទឹកចេញពីក្នុងស្រែ ដើម្បីធ្វើការសាបព្រោះស្រូវប្រាំងលើកទី១ ។ ទ្វារទឹកអាចនឹងត្រូវបើកបញ្ចេញទឹកពីក្នុងអាងនៅដើមខែធ្នូ ។

លោក យឹម ប៊ុនរ៉ុម បានឱ្យដឹងទៀតថា កាលពីឆ្នាំកន្លងទៅ ការដាំដុះស្រូវប្រាំងអនុញ្ញាតឱ្យធ្វើដល់ជិត ២ម៉ឺនហិកតា តែជាក់ស្តែងប្រជាកសិករធ្វើបានរហូតដល់ទៅជាង៣ម៉ឹនហិកតា ។ ការដាក់ចេញផែនការធ្វើស្រូវប្រាំងនេះ គឺយោងទៅតាមស្ថានភាពទឹក មាននៅក្នុងអាង និងស្ថានភាពធាតុអា កាស នៅក្នុងរដូវប្រាំងខាងមុខ ។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃជួយថែរក្សាទឹកទុកនៅតាមបឹងបួ, អាង, ត្រពាំង, ស្រះ, ប្រឡាយ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់ស្រោចស្រព ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ នារដូវប្រាំងខាងមុខនេះ ៕

ប្រភព៖ AKP