សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលជាប្រវត្តិសាស្ត្រដែលមានលក្ខណៈទំនើបអាចទទួលបានជើងយន្តហោះច្រើន ជាសមិទ្ធផលមួយមិនមែនសម្រាប់តែបច្ចុប្បន្នកាល ឬតាមតម្រូវការបច្ចុប្បន្នកាលនោះទេ ប៉ុន្តែវាជាការត្រៀមលក្ខណៈសម្រាប់អនាគតផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានឱ្យដឹងថា ការសម្រេចចិត្តកសាងព្រលានយន្តហោះថ្មីនៅទីនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនបញ្ចេញយោបល់ និងចាប់អារម្មណ៍ផ្សេងៗគ្នា។
សម្ដេចធិបតី បានថ្លែងថា «កន្លងទៅខ្ញុំឃើញមានបងប្អូនខ្លះ មានការចាប់អារម្មណ៍ថា ហេតុអីបានជាយើងចាំបាច់លើកព្រលានយន្តហោះមួយដែលចម្ងាយ៥ គីឡូពីអង្គរមកដល់៥០គីឡូពីអង្គរ ការរៀបចំ ការជ្រើសរើសទីតាំងទីនេះ គឺផ្អែកលើចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោទី១. ការរៀបចំអភិវឌ្ឍន៍នៅទីនេះ គឺជានិមិត្តរូបនៃការរុញការងារពីរ ទី១. គឺការអភិវឌ្ឍទី២. គឺការអភិរក្សដើរទន្ទឹមគ្នា»។
សម្ដេចធិបតីបន្តថា«ការអភិវឌ្ឍគឺការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើបដែលព្រលានយន្តហោះនៅទីនេះចាត់ទុកថា ជាព្រលានយន្តហោះ កម្រិតទំនើបមិនត្រឹមតែអគារធំទេ ការរៀបចំ រចនាសម្ព័ន្ធខាងគ្រឿងបំពាក់គឺទំនើបត្រៀមទទួលនូវការហោះហើរបានច្រើន ក្នុងពេលជាមួយគ្នាក៏វាមានការចាំបាច់នៅក្នុងការថែរក្សានូវកេរដំណែលរបស់ដូនតារបស់យើងហើយជាពិសេសទឹកដីនេះដែលយើងហៅថា សៀមរាបអង្គរ ទឹកដីអង្គរពោរពេញទៅដោយកេរដំណែលសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដែលកូនចៅជំនាន់ក្រោយ ត្រូវការថែរក្សា បើសិនជាមានហានិភ័យ សូម្បីតែបន្តិចទៅដល់ការប៉ះពាល់អវិជ្ជមានដល់កេដំណែលរនោះ ក្នុងរយៈពេលវែងក៏ចាំបាច់យើងត្រូវចាត់វិធានការដើម្បីលប់បំបាត់នូវហានិភ័យ ព្រោះដើម្បីរក្សារាប់ពាន់ឆ្នាំតទៅទៀតទុកឱ្យកូនចៅ»។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ព្រលានយន្តហោះចាស់នៅកៀកនឹងអង្គរវត្តរបស់យើងហើយផ្លូវហោះហើរក៏វានៅចំត្រង់ពីលើ ៥ទៅ៧គីឡូជាងពីតំបន់អង្គរ ហើយហានិភ័យដែលអ្នកបច្ចេកទេសយើងវាយតម្លៃរាប់ឆ្នាំគឺទី ១ពីរំញោចដែលកើតពីយន្តហោះ យន្តហោះតូច យន្តហោះធំ ទី២. គឺពាក់ព័ន្ធទៅនឹងការបំពុលផ្សេងៗ មានផ្សែងយន្តហោះជាដើម។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។
កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ៕
ប្រភព៖ AKP