សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលចិនដែលតែងតែបានជួយជំរុញវិនិយោគិនចិនឱ្យចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport”នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានមានប្រសាសន៍ថា ពិធីសម្ពោធអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយផ្នែកដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតី បានមានប្រសាសន៍បន្តថា«ឆ្លៀតនៅក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនតែងតែបានជួយជំរុញវិនិយោគិនចិនឱ្យចូលមករួមបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានផ្ដល់នូវជំនួយឥតសំណងនិងកម្ចីសម្បទានដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងទាំងផ្នែកទន់របស់កម្ពុជាក្នុងពេលកន្លងមក»។
លើសពីនេះទៅទៀត ចិនបានជួយវិនិយោគទៅលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានសម្រេចយកមនុស្សជាអាទិភាពគន្លឹះទីមួយ ហើយ ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះបន្ទាប់តាមលំដាប់និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។
ដើម្បីឆ្លើយតបនឹងតម្រូវការនិងទិសដៅនៃការអភិវឌ្ឍកម្ពុជាដំណាក់កាលថ្មីខាងមុខ។ ជាក់ស្ដែងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគឺជាផ្លែផ្កានៃការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ និងជាគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបង្អស់នៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ។
ជាមួយគ្នានេះ សម្ដេចធិបតីសូមកោតសរសើរនិងអរគុណក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ កម្មករ និយោជិត បុគ្គលិកទាំងអស់បានខិតខំប្រឹងប្រែងអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានសៀមរាបអង្គរឱ្យសម្រេចបានជោគជ័យនៅគម្រោងវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ស្កឹមស្កៃនេះ៕
ប្រភព៖ AKP