សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់យុវជនត្រូវខិតខំប្រឹងប្រែងទាញយកជំនាញមកទុកដោយខ្លួនឯង ហើយមានជំនាញនៅក្នុងខ្លួនគឺយើងអាចមានជម្រើសច្រើនសម្រាប់អនាគត

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់យុវជនត្រូវខិតខំប្រឹងប្រែងបន្ថែមដោយខ្លួនឯងព្រោះថារាជរដ្ឋាភិបាលក៏ដូចជាអាណាព្យាបាលមិនអាចនៅតាមជួយបានរហូតនោះទេ ដូចនេះយុវជនខិតខំទាញយកជំនាញមកទុកក្នុងខ្លួនរបស់យើង មានជំនាញនៅក្នុងខ្លួន គឺយើងអាចមានជម្រើ សច្រើនសម្រាប់អនាគត។ ការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នងពិធីប្រកាសឱ្យអនុវត្តន៍ជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុង១ថ្ងៃ មាន ២៤ម៉ោងហើយ១អាទិត្យ៧ថ្ងៃអត់ចាំយើងទេបើយើងចំណាយពេល៣ខែ ៦ខែ ១ឆ្នាំដើម្បីទាញយកជំនាញនៅក្នុងខ្លួនរបស់យើង នឹងអាចមានជម្រើសច្រើនសម្រាប់អនាគតជាពិសេសយុវជនដែលនឹងចូលរៀនក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស។ សម្ដេចធិបតីបានថ្លែងថា៖ «យើងចង់ឱ្យយុវជនដាក់ចិត្តដាក់កាយនិងចំណាយពេលវេលា ក្នុងការក្រេបជញ្ជក់យកចំណេះដឹងនិងជំនាញវិជ្ជាជីវៈបច្ចេកទេសផ្សេងៗដើម្បីអនាគតរបស់ខ្លួនម្នាក់ៗ»។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានណែនាំដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធអំពីឱកាសបណ្ដុះបណ្ដាលនិងការចុះឈ្មោះរៀនៅក្នុងកម្មវិធីនេះ ។  សម្តេចធិបតី បានជំរុញឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវបណ្ដុះបណ្ដាលដល់ស្ថាប័ន និងដៃគូពាក់ព័ន្ធឱ្យចេះ ប្រើប្រាស់កម្មវិធីចុះឈ្មោះរៀនតាមប្រព័ន្ធឌីជីថលដើម្បីត្រៀមជួយដល់ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀនកម្មវិធីបណ្ដុះបណ្ដាលនេះ ។

សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សានិងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ សិស្សដែលបានចុះឈ្មោះចូលរៀននឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សា យោបល់ពីការជ្រើសរើសជំនាញនិងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្មនិងក្រុមហ៊ុនឯកជន និងជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការនិងឱកាសការងារធ្វើសមរម្យនិងប្រាក់ចំណូល ទៀងទាត់។ ទន្ទឹមនេះ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំណត់ជ្រើសរើសវិស័យ និងមុខជំនាញអាទិភាពដោយធ្វើការសិក្សាលើស្ថានភាព សេដ្ឋកិច្ចតាមវិស័យនិងអនុវិស័យ ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រសហគ្រាសនិងកម្មករនិយោជិតនិងគោល នយោបាយអាទិភាពពាក់ព័ន្ធដោយបានកំណត់យក មុខជំនាញសម្រាប់ ជំហាន ដំបូងចំនួន៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន១០រួមមាន៖ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម និងធុរកិច្ចនិងព័ត៌មានវិទ្យា។

ដោយឡែក សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំនិងអនុវត្តន៍ដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងគោលបំណងអភិរក្សចំណេះដឹង និង ជំនាញដូនតាឱ្យបានគង់វង្សនិងអភិវឌ្ឍន៍ «ឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិតបង្កើតថ្មី»៕

ប្រភព៖ AKP