ឯកឧត្តម ហេង សួរ អំពាវនាវដល់យុវជនជ្រើសរើសផ្លូវណាដែលខ្លី លឿន ដែលអាចបង្កើតការងារ និងចំណូល

0

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់យុវជន យុវនារី ឱ្យជ្រើសរើសនូវផ្លូវណាដែលខ្លី លឿន ហើយអាចបង្កើតការងារនិងចំណូល និងមានភាពទៀងទាត់ ដែលអាចជួយក្រុមគ្រួសារមានលទ្ធភាពអាចចាកចេញផុតពីភាពក្រីក្រ និងមានឱកាសអភិវឌ្ឍខ្លួនឯងបន្តទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដូច្នេះក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ផ្សេងទៀត កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនចំនួន១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានក្នុងពិធីនេះថា វិស័យ TVET នេះត្រូវការធ្វើយុទ្ធនាការបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយុវជនដែលត្រូវការការងារលឿនក្នុងរយៈពេលដ៏ខ្លីនេះ ឱ្យយល់អំពីសារៈសំខាន់នៃកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេស។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «សូមអំពាវនាវទៅដល់យុវជនរបស់យើង ក៏ដូចជាអាណាព្យាបាល ឪពុកម្ដាយ គឺថាសូមជ្រើសរើសនូវវិធាន ឬមួយក៏ផ្លូវណា ដែលខ្លី ដែលលឿនអាចបង្កើតការងារ បង្កើតចំណូល ហើយមានភាពទៀងទាត់ នៅក្នុងការប្រាស្រ័យទំនាក់ទំនងគ្នានេះទេ ដែលអាចជួយទៅដល់ក្រុមគ្រួសារមានលទ្ធភាព អាចចាកចេញផុតពីភាពក្រីក្រ ហើយនិងមានឱកាសដើម្បីអភិវឌ្ឍខ្លួនឯងបន្តទៅទៀត»។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា វិស័យឯកជនក៏បានបញ្ជាក់ថា ខ្លួននឹងទទួលយកកម្លាំងពលកម្មយុវជនទៅធ្វើការ ហើយមិនមែនត្រឹមតែទទួលយកទៅធ្វើការពេលរៀននេះទេ ប៉ុន្តែពេលដែលកំពុងរៀន និងពេលដែលកំពុងធ្វើការទៅថ្ងៃមុខ ក៏វិស័យឯកជននឹងគាំទ្រឱ្យពួកគាត់ទៅបង្កើនជំនាញ ហើយនិងផ្លាស់ប្តូរជំនាញបន្តទៀត។

ឯកឧត្តម ហេង សួរ បន្តថា៖ «សូមកុំយល់ថាការរៀនផ្នែកTVETនេះ គឺជាការរៀនដែលទាល់។ អត់ទាល់ទេ! បងប្អូនរៀនខ្លីបានការងារ។ បានការងារហើយ បងប្អូនចង់បន្តទៀតគឺនៅតែអាចបន្តកើនឡើងដដែល»។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា តាមរយៈការចុះMoUនេះ និងវត្តមានរបស់អ្នកសារព័ត៌មានក្នុងពិធីនេះក៏នឹងរួមចំណែក ដើម្បីឱ្យយុវជនមើលឃើញថា វិស័យឯកជនក៏ដូចរាជរដ្ឋាភិបាលបាននិងកំពុងបង្កើតព្រឹត្តិការណ៍ដើម្បីទាក់ទាញ និងដើម្បីបង្ហាញឱ្យឃើញថា វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសនេះគឺសំខាន់ មិនមែនតែរដ្ឋាភិបាលជាអ្នកនិយាយថាសំខាន់ទេ។ វិស័យឯកជនដែលមានវត្តមានក្នុងពិធីនេះក៏យល់ថា វាសំខាន់ដែរ ពីព្រោះវិស័យឯកជនជាអ្នកដែលត្រូវការកម្លាំងពលកម្មជំនាញ ហើយក៏ពិបាករកកម្លាំងពលកម្មជំនាញផងដែរ។

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការចុះMoUនេះគឺជាសាក្សីមួយ ហើយក៏ជាសក្ខីភាពមួយដើម្បីបញ្ជាក់ទៅកាន់យុវជនទាំងអស់ ជាពិសេសយុវជនដែលស្ថិតក្នុងគោលដៅ១,៥លាននាក់នេះឱ្យបានជ្រាបថា មានតែចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសនេះទេ ដែលអាចធ្វើឱ្យយុវជនមានជំនាញមួយពិតប្រាកដ ហើយរៀនបណ្តើរបានចូលទៅហាត់ការបណ្តើរ ហើយអាចនឹងមានការងារភ្លាមៗតែម្តង ក្រោយពេលដែលចប់កម្មវិធី។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពិធីនេះដែរថា គោលបំណងនៃការចុះMoUនេះ គឺដើម្បីជំរុញធ្វើយ៉ាងណាឱ្យសិស្សានុសិស្សមានជំនាញពិតប្រាកដ ហើយដើម្បីឱ្យមានជំនាញពិតប្រាកដគឺត្រូវការបណ្ដុះបណ្ដាល។ MoU នេះក៏មានគោលបំណងដើម្បីបើកផ្លូវឱ្យសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ទទួលយកការហាត់ការរបស់យុវជនដើម្បីឱ្យពួកគាត់មានជំនាញរៀងៗខ្លួនដើម្បីអាចទៅធ្វើការ ហើយទទួលបានប្រាក់ខែសមស្រប។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពិធីដដែលនេះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ជឿជាក់ថាប្រទេសមួយដែលអាចជឿនលឿនបាន ដោយសារធនធានមនុស្ស ពីព្រោះធនធានមនុស្សគឺជាកម្លាំងប្រកួតប្រជែងនៃសម័យវិទ្យាសាស្ត្របច្ចុប្បន្ននេះ។ អ្នកឧកញ៉ាលើកឡើងថា៖ «ម្ល៉ោះហើយ យើងពឹងពាក់លើយុវជនរបស់យើងដែលកំពុងមានមមាញឹកដែលជាកម្លាំងស្រួចនៅក្នុងសង្គមយើង»។

អ្នកឧកញ៉ាបន្តថា បើសិនជាយុវជនមានចំណេះដឹងជាច្រើន ប្រទេសជាតិនឹងជឿនលឿន ឧទាហរណ៍ ដូចជាប្រទេសចិនដែលជាមហាយក្សមួយនៅក្នុងសកលលោកនេះ ហើយចិនមានពាក្យស្លោកមួយថា «បើយុវជនខ្លាំងគឺប្រទេសខ្លាំង។ បើយុវជនចេះគឺប្រទេសដើរទៅមុខ»។

អ្នកឧកញ៉ា លើកឡើងថា៖ «ខ្ញុំជឿថា ក្រសួងមានផែនការមួយបណ្តុះបណ្តាលគឺជាគម្រោងការមួយយ៉ាងត្រឹមត្រូវណាស់។ ម្ល៉ោះហើយ ខាងផ្នែកឯកជនយើង ធ្វើការ យើងទាល់តែមានកន្លែងឱ្យគេធ្វើការ។ បើសិនបណ្ដុះបណ្ដាលចេះហើយ ប៉ុន្តែមិនមានកន្លែងធ្វើការ នេះក៏ឥតបានឃើញជាផលប្រយោជន៍អីដែរ»។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក៏បានចុះMoUនេះផងដែរ ដើម្បីបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ ក្នុងការផ្ដល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្ដូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូល។

សមាគម YEAC បានប្រកាសថា សមាគមបានព្រមព្រៀងនឹងជួយជំរុញរោងចក្រ សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនទាំងឡាយដែលជាសមាជិករបស់ខ្លួនឱ្យចូលរួមគាំទ្រ លើកកម្ពស់ និងផ្ដល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស ដើម្បីបានផ្សារភ្ជាប់ទ្រឹស្ដីជាមួយនឹងការអនុវត្ត ចូលរួមចំណែកជួយកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា។

ឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដែលបានចុះMoU នេះ បានលើកឡើងថា CPMEC នឹងបន្តសហការគ្រប់រូបភាពដើម្បីចូលរួមចំណែកក្នុងការជំរុញឱ្យយុវជនខ្មែរងាកមកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឱ្យកាន់តែច្រើនដើម្បីឱ្យពួកគាត់មានការងារធ្វើ និងដើម្បីឱ្យក្រុមហ៊ុនសហគ្រាសទទួលបានធនធានយុវជនខ្មែរយកទៅធ្វើការងារបានយ៉ាងពិតប្រាកដ ជាជាងការយកអ្នកជំនាញមកពីបរទេសដែលធ្វើឱ្យសហគ្រាសចំណាយថវិកាកាន់តែច្រើន។

ឧកញ៉ាក៏បានបន្ថែមថា៖ «ចំណេះ ជំនាញពិតជាស្ពានចម្លងយើងទៅរកភាពជោគជ័យក្នុងជីវិត»៕

ប្រភព៖ AKP