សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងការងារនិងភាគីពាក់ព័ន្ធ ផ្សព្វផ្សាយ“កម្មវិធីរបបសន្តិសុខសង្គម និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ឱ្យបានទូលំទូលាយ

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលបានស្នើឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំឱ្យអស់ពីកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីក្នុងការចូលរួមជំរុញការអនុវត្តកម្មវិធីជាតិតាមដែនសមត្ថកិច្ចរៀងៗខ្លួន។

ក្នុងឱកាស អញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត”  និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” នាព្រឹកស្អែក ថ្ងៃអង្គារ  ២កើត ខែកត្តិក ឆ្នាំថោះ   បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តជូនបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិតទាំងអស់ក៏ដូចជាធុរជន វិនិយោគិន សមាគម ដៃគូអភិវឌ្ឍន៍និងស្ថាប័នជាតិនិងអន្តរជាតិ សមាគមនិយោជក សហជីពចូលរួមឱ្យបានផុសផុលក្នុងការគាំទ្រ ការអនុវត្តនិងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីជាតិដ៏សំខាន់នេះ។ ចំពោះ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្ដេចធិបតី បានស្នើឱ្យក្រសួងការងារ យកចិត្តទុកដាក់ ត្រូវផ្សព្វផ្សាយឱ្យបានគ្រប់ទម្រង់និងរូបភាពឱ្យកាន់តែទូលំទូលាយ និងចំគោលដៅដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើនជាអតិបរមា។

សម្ដេចធិបតី បានមានប្រសាសន៍ថា «ពិតណាស់កិច្ចការទាំងអស់នេះយើងត្រូវយល់អំពីសារៈសំខាន់នៃការទទួលបានព័ត៌មាននិងការយល់ បើមិនអញ្ចឹងទេយើងអត់ទៅរួចទេ។យកយុទ្ធសាស្ត្រវិស័យឯកជន ផលិតផលល្អយ៉ាងម៉េចក៏ដោយបើគ្មានបើគ្មានម៉ាកាទីង បើគ្មានការផ្សព្វផ្សាយទូលំទូលាយដល់ទេគឺមិនអាចទាក់ទាញបានទេប្រជាពលរដ្ឋអាចមានសង្ស័យថាឱ្យខ្ញុំចូលរៀនឬបង្ខំឱ្យខ្ញុំចូលរៀន រៀនហើយបង្ខំឱ្យខ្ញុំធ្វើអីទៀត»៕

ប្រភព៖ AKP